
ក្រុងប៉ោយប៉ែត៖ វិវាទដីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋប្រមាណ១៧១៧គ្រួសារ ស្ថិតក្នុងភូមិទំនប់-ក៥ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានបញ្ចប់ហើយ ដោយប្រើពេលដោះស្រាយត្រឹម៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានអូសបន្លាយអស់ជាងពីរទសវត្សរ៍..។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៥ បានចូលរួមអបអរដល់ប្រជាពលរដ្ឋដែលទទួលបានដំណោះស្រាយ និងអរគុណដល់ក្រុមការងារដឹកនាំដោយ លោក ប៉ាន់ ខែមប៊ុនថន រដ្ឋបាលខេត្តបន្ទាយមានជ័យ និងគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ រីឯប្រជាពលរដ្ឋ ក៏បានបង្ហាញក្ដីរំភើបរីករាយក្រោយទទួលបានដំណោះស្រាយ និងអរគុណសម្ដេចនាយករដ្ឋមន្ត្រី ដែលបានបញ្ជូនមន្រ្តីមានឆន្ទៈឈរលើភាពយុត្តិធម៌ទៅដោះស្រាយបញ្ហាជូនពួកគាត់។ បញ្ជាក់ប្រាប់ SBM News នាព្រឹកថ្ងៃទី១៨កុម្ភៈដដែលនេះ លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត មានប្រសាសន៍ថា វិវាទនេះបានផ្ដើមឡើងតាំងពីឆ្នាំ២០០១ ហើយបានរីកធំនៅឆ្នាំ២០០៤ និងបានបន្តក្លាយជាបញ្ហារ៉ាំរ៉ៃរហូតមកទល់បច្ចុប្បន្ន ខណៈក្រុមការងារខេត្ត ក៏បានព្យាយាមរកដំណោះស្រាយដែរ ប៉ុន្តែទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ។

យ៉ាងណា មកដល់អាណត្តិ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចក៏បានចាត់តាំងលោកជាតំណាងឱ្យចុះទៅពិនិត្យស្រាវជ្រាវស្វែងរកដំណោះស្រាយដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកជាប់ពាក់ព័ន្ធនៃវិវាទនេះ ដោយមានការសហការបន្ថែមជាមួយអាជ្ញាធរពាក់ព័ន្ធ ខណៈការចាត់តាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋនៅទីនោះផងដែរ។ លោកបន្តថា ក្រោយជួបភាគីជម្លោះទាំងអស់ និងបានសិក្សាពីរឿងរ៉ាវលម្អិត បូករួមការពន្យល់ភាគីទាំងសងខាងពីយុទ្ធសាស្ត្រមួយចំនួន ហានិភ័យនៃការខាតបង់ ជុំវិញការកកើតជម្លោះឈ្លោះទាស់ទែងគ្នា និងការថយម្នាក់មួយជំហាន ក្រោមយន្តការគំរូនៃដំណោះស្រាយឈ្នះឈ្នះ ភាគីទាំងសងខាងបានយល់ព្រមសម្រុះសម្រួលដើម្បីបញ្ចប់រឿង ថែមទាំងបានប្រែក្លាយជម្លោះមើលមុខលែងចំ មករាប់អានគ្នាវិញ។ លោកបន្តថា ក្រោយអូសបន្លាយជិត២៥ឆ្នាំ វិវាទដ៏រ៉ាំរ៉ៃនេះត្រូវបានដោះស្រាយចប់សព្វគ្រប់ ដោយប្រើពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ តាមរូបមន្តក្រៅប្រព័ន្ធតុលាការរបស់ប្រមុខរាជរដ្ឋាភិបាល។

លោក ប៉ាន់ ខែមប៊ុនថន អះអាងយ៉ាងដូច្នេះថា៖«យើងបានប្រើរូបមន្តក្រៅប្រព័ន្ធតុលាការ តាមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ រួមជាមួយយុទ្ធសាស្ត្ររបស់សម្ដេចមហាបវរធិបតី នូវយុទ្ធសាស្ត្រថ្មីៗ គឺយើងប្រើពេលតែ៤ថ្ងៃទេ យើងបញ្ចប់បានទាំងស្រុងតែម្ដង! ធាតុពិតទៅ គឺ១៧ថ្ងៃនៃការទទួលរឿងយកមកដោះ ហើយបញ្ចប់! តែដោយសារខ្ញុំទទួលភារកិច្ចជានាយករងខុទ្ធការល័យផង និងមានភារកិច្ចផ្សេងទៀត ទើបមានការពន្យារពេលខ្លះ តែបើនិយាយពីសាច់ធ្វើការតែម្ដង គឺមានរយៈពេលតែ៤ថ្ងៃទេ»។ សូមជម្រាបថា ទោះបីវិវាទរ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋជាង១ពាន់៧រយគ្រួសារ ត្រូវបានដោះស្រាយរួចរាល់ តែក្រុងប៉ោយប៉ែតនៅសល់វិវាទរ៉ាំរ៉ៃនៃជម្លោះដីធ្លីមិនទាន់បានដោះស្រាយចេញនៅឡើយ។ ចំណុចនេះ លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ប្ដេជ្ញាថា នឹងបន្តដោះស្រាយលើការងារនេះ ដោយធ្វើយ៉ាងណាឱ្យបញ្ចប់ជាបន្តបន្ទាប់ទៀត ទោះក្នុងរូបភាពណាក៏ដោយ៕





