​ផ្ទុះការតវ៉ា​ក្នុង​ប្រទេស​តួកគី ​បន្ទាប់​ពី​គូប្រជែង​​ប្រធានាធិបតីត្រូវ​បាន​ចាប់​ខ្លួន
N
Nary Vann
20 មីនា 2025 08:00 AM

អ៊ីស្តង់ប៊ុល៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ប៉ុន្មានថ្ងៃមុនពេលគាត់នឹងត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី...។

លោក Ekrem Imamoglu
លោក Ekrem Imamoglu

លោក អេហ្គ្រេម អ៊ីម៉ាម៉ូលូ(Ekrem Imamoglu) មកពីគណបក្សសាធារណៈរដ្ឋនិយម (CHP) ត្រូវបានគេមើលឃើញថា ជាគូប្រជែងនយោបាយដ៏ខ្លាំងបំផុតរបស់ប្រធានាធិបតី ថាយីប អឺដូហ្កាន។ ព្រះរាជអាជ្ញាបានចោទប្រកាន់លោកពីបទពុករលួយ និងជួយដល់ក្រុមភេរវករ ដោយហៅលោកថា ជាជនសង្ស័យមេដឹកនាំអង្គការឧក្រិដ្ឋកម្ម។ ប៉ូលិសបានឃុំខ្លួនមនុស្ស១០០នាក់ រួមទាំងអ្នកនយោបាយ អ្នកកាសែត និងអ្នកជំនួញផ្សេងទៀត ជាផ្នែកមួយនៃការស៊ើបអង្កេត ហើយការិយាល័យអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល បានដាក់ការរឹតបន្តឹងរយៈពេល៤ថ្ងៃ។ បាតុករ​​នាំ​គ្នាដើរ​ដង្ហែក្បួន​តាមដង​ផ្លូវ និង​បរិវេណ​សាកលវិទ្យាល័យ ​នៅ​តាម​ស្ថានីយ​ក្រោមដី ដោយ​មាន​ហ្វូង​មនុស្ស​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​រដ្ឋាភិបាល។ វា​ជា​ការ​បង្ហាញ​កំហឹង​ជា​សាធារណៈ​ ដែល​មិន​បាន​ឃើញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ក្រុង​ដោយ​ស្រែក​ថា៖«អឺដូហ្កាន ​ផ្តាច់​ការ! Imamoglu អ្នកមិនឯកាទេ!»

រដ្ឋាភិបាលបានហាមឃាត់ការជួបជុំជាសាធារណៈក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល ជាផ្នែកមួយនៃការរឹតបន្តឹង ប៉ុន្តែការតវ៉ាកាន់តែច្រើនត្រូវបានគេរំពឹងទុកនៅទូទាំងប្រទេស នៅពេលមេដឹកនាំគណបក្សប្រឆាំង រួមទាំងភរិយារបស់លោកអ៊ីម៉ាម៉ូលូ ជំរុញឱ្យប្រជាជនបង្កើនសំឡេងរបស់ពួកគេ។ ផ្លូវជាច្រើនក្នុងរដ្ឋធានី ត្រូវបានបិទចរាចរណ៍ ខណៈខ្សែរថភ្លើងក្រោមដីមួយចំនួន ក៏បានលុបចោលសេវាកម្មរបស់ពួកគេផងដែរ។ នៅក្នុងវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក អ៊ីម៉ាម៉ូលូ បានប្តេជ្ញាថា នឹងក្រោកឈរសម្រាប់ប្រជាជនតួកគី និងមនុស្សទាំងអស់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នៅទូទាំងពិភពលោក។ ហើយនៅក្នុងកំណត់ត្រារបស់លោក បន្ទាប់ពីការចាប់ខ្លួន លោកនិយាយថា ប្រជាជននៃប្រទេសតួកគី នឹងឆ្លើយតបទៅនឹងការភូតកុហក ការសមគំនិត និងអន្ទាក់ប្រឆាំងរូបលោក។ 

លោក អ៊ីម៉ាម៉ូលូ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងលោក អឺដូហ្កាន នៅក្នុងការស្ទង់មតិមតិមួយ នឹងត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សសាធារណរដ្ឋ (CHP) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ឥឡូវនេះ លោកប្រឈមមុខនឹងការស៊ើបអង្កេតពីរដាច់ដោយឡែកពីគ្នា រួមមាន៖ ការចោទប្រកាន់ពីបទដឹកនាំអង្គការឧក្រិដ្ឋកម្ម ការសូកប៉ាន់ និងការបោកបញ្ឆោតលើការដេញថ្លៃ។ ការចាប់ខ្លួនលោក អ៊ីម៉ាម៉ូលូ កើតឡើងមួយថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យអ៊ីស្តង់ប៊ុល លុបចោលសញ្ញាបត្ររបស់លោក ដោយសារតែភាពមិនប្រក្រតី ជាការសម្រេចចិត្តដែលអាចរារាំងគាត់ពីការឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី។ យោងតាមរដ្ឋធម្មនុញ្ញតួកគី ប្រធានាធិបតី ត្រូវតែបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីកាន់តំណែង។ ការចាប់ខ្លួននេះ ធ្វើឡើងជាផ្នែកមួយនៃការបង្រ្កាបដ៏ធំទូទាំងប្រទេសក្នុងប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើអ្នកនយោបាយបក្សប្រឆាំង សាលាក្រុង អ្នកកាសែត និងឥស្សរជនក្នុងឧស្សាហកម្មកម្សាន្ត៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត