លោក ហ្សេឡេនស្គី ហៅតួកគី គឺជាដៃគូក្នុងការធានាសន្តិសុខ
N
Nary Vann
14 មីនា 2025 10:00 AM

រដ្ឋធានីកៀវ៖ វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Володимир Зеленський) និយាយថា អ៊ុយក្រែនមើលឃើញប្រទេសតួក គីជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន ហើយបន្ថែមថា រដ្ឋធានីកៀវបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២។

សមាជិកអង្គការណាតូតួកគី មានទំនាក់ទំនងស្ថិរភាពជាមួយរដ្ឋធានីកៀវ និងម៉ូស្គូ​ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ប្រទេសតួកគី​ បានរក្សាទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ ដោយគាំទ្រអ៊ុយក្រែនផ្នែកយោធា និងគាំទ្របូរណភាពទឹកដីរបស់ខ្លួន ខណៈបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ នៅពេលដែលអឺរ៉ុបកំពុងព្យាយាមពង្រឹងការការពារ និងសន្តិសុខរបស់ខ្លួន ទន្ទឹមនឹងស្វែងរកការធានាសម្រាប់រដ្ឋធានីកៀវ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមានជាមួយរដ្ឋធានីមូស្គូ ដែលតួកគីបានលេចចេញជាដៃគូសន្តិសុខដ៏មានសក្តានុពលដ៏សំខាន់មួយ។ លោក ហ្សេឡេនស្គី បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោក អូម័រ បូឡាត (Ömer Bolat) និងរដ្ឋមន្ត្រីកសិកម្ម លោក អ៊ីប្រាហ៊ីម យូម៉ាកលី (Ibrahim Yumakli) ក្នុងរដ្ឋធានីកៀវ ហើយបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងការផលិតយន្តហោះគ្មានមនុស្សបើក និងការចូលរួមរបស់ក្រុមហ៊ុនតួកគីក្នុងការកសាងអ៊ុយក្រែនឡើងវិញ។ 

លោក ហ្សេឡេនស្គី បានលើកឡើងថា៖«អ៊ុយក្រែនចាត់ទុកតួកគីជាផ្នែកមួយនៃដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាដៃគូក្នុងលក្ខខណ្ឌនៃការធានាសន្តិសុខ ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់សច្ចាប័នពាណិជ្ជកម្មសេរីតួកគីក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីតួកគី»។ លោក បូឡាត និងលោក យូម៉ាកលី ក៏បានចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមការងាររវាងតួកគី និងអ៊ុយក្រែន សម្រាប់ការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាម។ លោក បូឡាត បាននិយាយថា កិច្ចប្រជុំនេះត្រូវបានចូលរួមដោយក្រុមហ៊ុនជាង២០ នៅក្នុងផ្នែកកិច្ចសន្យា និងប្រឹក្សាបច្ចេកទេសរបស់ប្រទេសតួកគី ក៏ដូចជាតំណាងរដ្ឋ និងវិស័យឯកជនរបស់អ៊ុយក្រែនដែលពាក់ព័ន្ធនឹងការកសាងប្រទេសឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត