មេដឹកនាំ​ឥណ្ឌូណេស៊ី-តួ​ក​គី ​ជួបគ្នាពិភាក្សា​ស្តីពី​ទំនាក់ទំនង​ការពារជាតិ និង​សេដ្ឋកិច្ច​
N
Nary Vann
12 កុម្ភៈ 2025 11:00 AM

រដ្ឋធានីហ្សាកាតា៖ ប្រធានាធិបតីតួកគី ថាយីប អឺដូហ្កាន (Tayyip Erdogan) បានជួបសមភាគីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិរវាងប្រទេសដែលកាន់សាសនាអ៊ិស្លាមទាំង២។

ប្រទេសទាំងពីរកំពុងរៀបចំកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់ជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីបានយល់ព្រមបង្កើតវេទិកានៅក្នុងកិច្ចប្រជុំនៅកោះបាលីក្នុងឆ្នាំ២០២២។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អឺដូហ្កាន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ គឺជាកន្លែងទីពីរនៅក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោក រួមមានប្រទេសម៉ាឡេស៊ី និងប៉ាគីស្ថានផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក រ៉ូលៀនស៊ីយ៉ា សឿមីរ៉ាត់ (Rolliansyah Soemirat) បានឱ្យដឹងថា៖«កិច្ចប្រជុំនេះ គឺជាវេទិកាទ្វេភាគីទៀងទាត់ខ្ពស់បំផុតរវាងប្រទេសទាំងពីរ ដែលបញ្ហាទាំងអស់នៃផលប្រយោជន៍រួមនឹងត្រូវបានពិភាក្សា រួមទាំងបញ្ហាយុទ្ធសាស្ត្រ និងអាទិភា»

ដោយឡែក សេចក្តីថ្លែងការណ៍របស់តួកគី បានបញ្ជាក់ថា ការពិភាក្សានឹងត្រូវផ្តោតទៅលើបញ្ហាក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសសង្គ្រាមនៅតំបន់ហ្កាហ្សា។ មេដឹកនាំតួកគី ក៏បានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ហើយបានរំលឹកឡើងវិញនូវការប្រឆាំងរបស់លោកចំពោះសំណើរបស់អាម៉េរិកដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា និងបាននិយាយថា អ៊ីស្រាអែលគួរតែចំណាយលើការកសាងទឹកដីមួយចំណិតនេះឡើងវិញ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ស្តាំ) និងលោកថាយីប អឺដូហ្កាន
លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ស្តាំ) និងលោកថាយីប អឺដូហ្កាន

លោក អឺដូហ្កាន និងភរិយា ស្ត្រីទីមួយ លោកស្រី អេមីន អឺដូហ្កាន (Emine Erdogan) បានទៅដល់រដ្ឋធានីហ្សាការតា ហើយត្រូវបានស្វាគមន៍ដោយលោក ស៊ូប៊ីយ៉ាតូ នៅអាកាសយានដ្ឋានអន្តរជាតិ Halim Perdanakusuma។ ឥណ្ឌូណេស៊ី និងតួកគី បានកសាងទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមេដឹកនាំទាំងពីរធ្លាប់បានជួបគ្នានៅរដ្ឋធានីអង់ការ៉ា កាលពីខែកក្កដាឆ្នាំមុន នៅពេលដែលលោក ស៊ូប៊ីយ៉ាតូ នៅជាប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិ។ លោក ស៊ូប៊ីយ៉ាតូ សន្យាថា នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងឆ្នាំ២០១០ ដោយក្រុមហ៊ុនផលិតអាវុធរដ្ឋរបស់ឥណ្ឌូណេស៊ី Pindad និងក្រុមហ៊ុន FNSS របស់ប្រទេសតួកគី រួមគ្នាបង្កើតគំរូរថក្រោះធុនមធ្យមថ្មី។ នៅឆ្នាំ២០២៣ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់សមយុទ្ធយោធារួមគ្នា និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។ ក្រៅពីប្រទេសឥណ្ឌូណេស៊ី ប្រទេសតួកគីមានវេទិកាសហប្រតិបត្តិការ HLSCC ជាមួយប្រទេសចំនួន២១ផ្សេងទៀត រួមទាំងប៉ាគីស្ថានផងដែរ។ ប្រទេសតួកគី និងឥណ្ឌូណេស៊ីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងបច្ចេកវិទ្យាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក អឺដូហ្កាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត