រដ្ឋធានីអង់ការ៉ា៖ អគ្គិភ័យលេបត្របាក់សណ្ឋាគាររមណីយដ្ឋានជិះស្គីមួយកន្លែងនៅទីក្រុងបូលូ (Bolu) នៃប្រទេសតួកគី បានផ្តាច់ជីវិតមនុស្ស៧៦នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសកាលពីថ្ងៃអង្គារទី២១មករា និងបានធ្វើឱ្យភ្ញៀវភ័យស្លន់ស្លោ លោតចេញពីបង្អួចទាំងកណ្តាលរាត្រី...។

សាក្សីអះអាងថា៖«អណ្តាតភ្លើងបានឆាបឆេះសណ្ឋាគារកម្ពស់១២ជាន់ភ្លាមៗ ក្នុងរយៈពេលកន្លះម៉ោង»។ ក្រោយមក រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង បានឡោមព័ទ្ធអគារឈើដែលកំពុងតែលេបត្របាក់ដោយភ្លើងអគ្គិមច្ចុរាជ ខណៈមនុស្សលោតតៗគ្នាចេញតាមបង្អួចយ៉ាងហោចណាស់បីជាន់។

ជុំវិញសោកនាដកម្មនេះ ប្រធានាធិបតីតួកគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានប្រកាសនៅថ្ងៃពុធទី២២ ខែមករានេះជា «ថ្ងៃកាន់ទុក្ខជាតិ» បន្ទាប់ពីឧបទ្ទវហេតុដ៏សោកនាដកម្មនេះកើតឡើង។ គួរបញ្ជាក់ថា មានភ្ញៀវចំនួន២៣៨នាក់ស្នាក់នៅសណ្ឋាគារនោះ។ ការស៊ើបអង្កេតកំពុងដំណើរការលើអគិ្ភភ័យឆាបឆេះមួយនេះផងដែរ៕


