អយ្យការស្នើឱ្យចៅក្រមស៊ើបសួរ ឃុំខ្លួនជនសង្ស័យ២នាក់ ដែលលួចដឹកគ្រឿងញៀ.នជាង៤០០គីឡូ
Mao Sopha
19 មីនា 2025 06:30 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្ដុតាងរួច តំណាងអយ្យការអមតុលាការខេត្តកំពង់ចាម បានចោទប្រកាន់ជនសង្ស័យ២នាក់ ពីបទដឹកជញ្ចូនសារធាតុញៀន និងបទចូលរួមជាមួយក្រុមឧក្រិដ្ឋជន ហើយស្នើឱ្យចៅក្រមស៊ើបសួរឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការដែលចេញនៅថ្ងៃទី១៨មីនា...។

ជនសង្ស័យទាំង២នាក់ ជាប់ព័ន្ធនឹងការលួចដឹកគ្រឿងញៀន៤២៩គីឡូក្រាម។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានឧក្រិដ្ឋជន១ក្រុម ធ្វើដំណើរតាមរថយន្តលុចហ្ស៊ីស ៤៧០ ចំនួន៣គ្រឿង ចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ចាម។ ពេលទៅដល់ចំណុចមួយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម សមត្ថកិច្ចក៏បានហៅរថយន្តទាំង៣គ្រឿងនោះឱ្យឈប់ ដើម្បីត្រួតពិនិត្យ ប៉ុន្តែបែរជាបើកគេចពីសមត្ថកិច្ច។

សមត្ថកិច្ច បានដេញតាមរហូតមកដល់កន្លែងមួយក្នុងស្រុកព្រៃឈដដែល ក៏កាក់បានរថយន្ត១គ្រឿង ក្នុងចំណោមរថយន្តទាំង៣គ្រឿង។ ក្នុងរថយន្តដែលសមត្ថកិច្ចកាក់បាននោះ មានជនសង្ស័យ២នាក់ជាបុរស ប៉ុន្តែសមត្ថកិច្ចចាប់ពួកគេមិនបាននោះទេ ព្រោះពួកគេបានចុះរត់គេចខ្លួនទាន់។ រីឯរថយន្ត២គ្រឿងទៀត ក៏បើករត់គេចបាត់ដែរ។ សមត្ថកិច្ច បានត្រួតពិនិត្យក្នុងរថយន្តដែលចាប់បាននោះ ហើយក៏រកឃើញថ្នាំញៀន១៨ការ៉ុង ស្មើនឹង៤២៩គីឡូក្រាម។

ក្រោយមក១ថ្ងៃ គឺនៅថ្ងៃ១៥មីនា សមត្ថកិច្ច ក៏ចាប់បានជនសង្ស័យ២នាក់ ដែលរត់ចេញពីរថយន្តនោះ។ នៅមានជនសង្ស័យ៥នាក់ទៀត ឬអាចមានច្រើនជាងនេះ បានរត់គេចខ្លួន។ ជនសង្ស័យទាំងអស់ ភាគច្រើនគឺជាបុរស ហើយមានអាយុចន្លោះពី២២ឆ្នាំ ដល់៣៦ឆ្នាំ ហើយឈ្មោះរបស់ពួកគេ ដែលអយ្យការបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាន គឺសុទ្ធតែជាឈ្មោះបែបខ្មែរ៕    


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត