
រាជធានីភ្នំពេញ៖ មេដឹកនាំកម្ពុជា បានដាក់បញ្ជាទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាស្ថាប័នប៉ូលិសកំពូល ឱ្យបើកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិធំៗ ដូចជា ស្ថាប័នប៉ូលិសអន្តរជាតិ ឬអាំងទែប៉ូល (INTERPOL) និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ជាដើម ដើម្បីបង្ក្រាបឱ្យដល់ឫសគល់នៃអង្គការចាត់តាំង ឬបណ្តាញជួញដូរគ្រឿងញៀនជាអន្ដរជាតិ [ដែលនាំគ្រឿងញៀនចូល ឬឆ្លងកាត់កម្ពុជា]។ មិនត្រឹមតែប៉ុណ្ណឹងទេ! ក្នុងការបង្ក្រាបនេះ មេដឹកនាំកម្ពុជា ថែមទាំងប្រាប់ស្ថាប័នប៉ូលិស ឱ្យសហការជាមួយបណ្តាប្រទេសនានា ដែលជាប្រភពនៃការនាំគ្រឿងញៀនចេញ ហើយធ្វើចរាចរណ៍ឆ្លងកាត់កម្ពុជា។

បញ្ជា និងការណែនាំរបស់មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈលិខិតកម្រាស់៨ទំព័រ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យុទ្ធនាការនេះ រាជរដ្ឋាភិបាលកម្ពុជាតែងចេញម្តងក្នុង១ឆ្នាំ។ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានតែងតាំងឱ្យបន្តធ្វើជាប្រធានដឹកនាំយុទ្ធនាការនេះ ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៥។

ក្រៅពីណែនាំឱ្យចាប់ដៃជាមួយស្ថាប័នអន្តរជាតិ សម្តេចនាយករដ្ឋមន្រ្តី ក៏ណែនាំអាជ្ញាធរមានសមត្ថកិច្ច ឱ្យធ្វើកិច្ចការក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេសផងដែរ ដើម្បីបង្ក្រាបគ្រឿងញៀន។ សម្តេច ប្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ឱ្យចាត់វិធានការម៉ឺងម៉ាត់ ដើម្បីស្វែងរក និងទប់ស្កាត់ការនាំចូលគ្រឿងញៀនទៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តរបស់ខ្លួន ឬឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ សម្តេច បន្តថា ថ្នាក់ដឹកនាំរាជធានី-ខេត្ត ត្រូវបើកយុទ្ធនាការជាប់ជាប្រចាំ ក្នុងការស្រាវជ្រាវរកប្រភពគ្រឿងញៀន និងក្រុមមេខ្លោង រួមទាំងបណ្តាញខ្សែរយៈ ដើម្បីបំផ្លាញឱ្យដល់ឫសគល់។

ប្រមុខរាជរដ្ឋាភិបាល លើកឡើងក្នុងលិខិតស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងដូច្នេះថា៖«[ត្រូវ]ខិតខំបញ្ចៀសឱ្យបាន មិនឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យឥទ្ធិពលដ៏សាហាវនៃគ្រឿងញៀន ញាំញីបំផ្លិចបំផ្លាញសង្គមជាតិឡើយ»។ សូមរម្លឹកថា ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀនដល់ទៅជិត១៥តោន។ បើប្រៀបធៀបគ្នា គ្រឿងញៀនដែលចាប់ក្នុងឆ្នាំ២០២៤ មានទំហំធំ និងច្រើនជាងកាលពីឆ្នាំ២០២៣ដល់ទៅ៤-៥ដង។ ក្នុងឆ្នាំ២០២៣ មានគ្រឿងញៀនតែជិត៣តោនប៉ុណ្ណោះ ដែលសមត្ថកិច្ចចាប់បាន៕



