
រាជធានីភ្នំពេញ៖ រំហូរគ្រឿងញៀនពីខាងក្រៅចូលមកកម្ពុជា ជាការគំរាមកំហែងមួយមកលើកម្ពុជា។ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីនិន្នាការគ្រឿងញៀនសាកល ជាពិសេសពីតំបន់ត្រីកោណមាស។ តំបន់ត្រីកោណមាស គឺជាតំបន់មួយ ស្ថិតនៅភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា ដែលប្រមូលផ្តុំដោយក្រុមឧក្រិដ្ឋជនលួចផលិតគ្រឿងញៀន តាំងពីឆ្នាំ១៩៥០មកម្ល៉េះ។

ការលើកឡើងរបស់លោក មាស វីរិទ្ធ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ លោកអគ្គលេខាធិការ បញ្ជាក់ថា បទល្មើសគ្រឿងញៀន ពុំមានការថមថយនោះទេ។ ជាក់ស្តែងនៅឆ្នាំ២០២៤ គ្រឿងញៀនដែលចាប់យកបាន មានចំនួនស្ទើរតែជិត១៥តោន រីឯកាលពីឆ្នាំ២០១៣ ចាប់បានតែជិត៣តោនប៉ុណ្ណោះ ហើយបើគិតជាភាគរយវិញ ចំនួនគ្រឿងញៀនដែលចាប់បាននេះ គឺកើនដល់ទៅជិត៤០០ភាគរយឯណោះ។

គ្រឿងញៀនដែលអាជ្ញាធរកម្ពុជាចាប់បាន ក្រៅពីមានប្រភពមកពីតំបន់ត្រីកោណមាស នៅមានប្រភពផ្សេងទៀត រួមមាន ពីអាម៉េរិកខាងត្បូង អាម៉េរិកកណ្តាល និងតំបន់អឺរ៉ុប ជាដើម។ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើជាអធិបតីក្នុងសន្និបាត ថ្លែងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាសត្រូវដ៏កាចសាហាវរបស់ប្រទេសទាំងអស់នៅលើសាកលលោក ស្របពេលបញ្ហាអសន្តិសុខសាកល កំពុងកើតឡើង ហើយក្រុមឧក្រិដ្ឋជន បានឆ្លៀតឱកាសបង្កើនសកម្មភាពផលិត និងជួញដូរគ្រឿងញៀន ជាពិសេសនៅតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។ តំបន់អឌ្ឍច័ន្ទមាស ជាតំបន់ផលិតអាភៀនដ៏ធំមួយ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងប្រទេស៣ គឺអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ង់។

លោក នេត សាវឿន អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់បែបយ៉ាង ដើម្បីការពារសង្គមកម្ពុជាឱ្យស្អាតស្អំ និងធ្វើឱ្យគ្រឿងញៀនលែងជាឧបសគ្គដល់ការអភិវឌ្ឍជាតិ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកយកពាក្យស្លោករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មករម្លឹកថា «ត្រូវសម្អាតចកចេញពីផ្ទៃបឹង» ដែលមានន័យថា ត្រូវសម្អាតគ្រឿងញៀនឱ្យដូចសម្អាតចកចេញពីផ្ទៃបឹង។ លោក ក៏បានរម្លឹកដែរថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណា ជាប់ពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ទៅតាមពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាលថា «ត្រូវសម្អាតចកចេញពីផ្ទៃបឹង»៕



