មន្រ្តីជំនាញ៖ អត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅមានកម្រិតខ្ពស់ ខណៈអ្នកធ្វើតេស្តរកជំងឺនៅមានកម្រិតទាប
S
Soriya Sou
18 មីនា 2025 05:00 AM

ខេត្តសៀមរាប៖ បច្ចុប្បន្ន អត្រាប្រេវ៉ាឡង់ និងអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រឈមមុខ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប…។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអេដស៍ខេត្ត ជាមួយសមាជិកគណៈកម្មាធិការលេខាធិការដ្ឋានអេដស៍ កាលពីថ្ងៃទី១៧មីនា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងថា ស្របពេលអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានកម្រិតខ្ពស់ អត្រានៃអ្នកដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ទើបតែសម្រេចបាន៨៩ភាគរយប៉ុណ្ណោះ បើធៀបនឹងគោលដៅ៩៥ភាគរយសម្រាប់គោលដៅទី១ ខណៈខេត្តសៀមរាប មាន៨៥ភាគរយ។ ដោយឡែក ការទទួលបានសេវាលេបថ្នាំបង្ការជាមុន នៅពេលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ និងសេវាធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមមុខក៏នៅមានកម្រិតទាប ជាមួយនឹងការលេចឡើងនូវឥរិយាបទប្រឈមថ្មីៗ ដូចជា ការប្រើប្រាស់គ្រឿងញៀននៅពេលរួមភេទដោយមិនបានបង្ការការឆ្លងមេរោគអេដស៍ជាដើម។

ក្នុងន័យនេះ មន្រ្តីជំនាញផ្នែកសុខាភិបាលខាងលើ បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមឱ្យបានសកម្មលើគ្រប់រូបភាព និងលទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ពិសេសលើកកម្ពស់គោលការណ៍ PAC ឱ្យបានទូលំទូលាយ ជំរុញ និងលើកទឹកចិត្តដល់មន្ទីរជំនាញពាក់ព័ន្ធ ខិតខំអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ដែរថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្វែងរកធាតុចូល ក៏ដូចជាពិភាក្សាគ្នា និងស្វែងរកយុទ្ធសាស្ត្រ ធ្វើយ៉ាងណាកុំឱ្យការកើនឡើងនូវជំងឺអេដស៍ មេរោគអេដស៍នៅតាមសហគមន៍ ក៏ដូចជាការកើតឡើងដល់ប្រជាពលរដ្ឋ ពិសេសយុវជន ដូច្នេះសូមឱ្យគ្រប់អ្នកពាក់ព័ន្ធ តាមដានដោយយកចិត្ដទុកដាក់ ចំពោះអ្នកប្រឈមនឹងកើតជំងឺអេដស៍ ធ្វើយ៉ាងណាដើម្បីលុបបំបាត់ការឆ្លងមេរោគអេដស៍ជំងឺអេដស៍ឱ្យបាន។

សូមជម្រាបថា ក្រុមប្រជាជនដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ជាងគេ រួមមាន៖​ ក្រុមស្ត្រីបម្រើសេវាកម្សាន្ត, ក្រុមបុរសរួមភេទជាមួយបុរស, ក្រុមអ្នកក្លែងភេទ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់។ល៕

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប 
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត