ឡាវរាយការណ៍ពីករណីឆ្លងមេរោគអេដស៍ថ្មីជិត១៩០០ករណី សម្រាប់ឆ្នាំ២០២៤
N
Nary Vann
21 ធ្នូ 2024 01:30 AM

រដ្ឋធានីវៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវបានរាយការណ៍ករណីឆ្លងមេរោគអេដស៍ថ្មីចំនួន១៨៩៦ ករណី រាប់ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២៤ ដែលបង្កើនចំនួនសរុបកើនឡើងដល់២២ ៥៨៤ ករណីចាប់តាំងពីឆ្នាំ១៩៩០។ 

និន្នាការ​​ដ៏គួរឱ្យព្រួយបារម្ភនេះបានក្លាយជាចំណុច​ផ្តោត​សំខាន់​ក្នុង​អំឡុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ នៅ​រដ្ឋធានី​វៀងចន្ទន៍។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ប៊ុនហ្វេង ភូមម៉ាឡៃសិទ្ធ (Bounfeng Phoummalaysith) បានគូសបញ្ជាក់ពីទិន្នន័យគួរឱ្យព្រួយបារម្ភ ជាពិសេសក្នុងចំណោមក្រុមអាយុ១៥ ទៅ២៤ឆ្នាំ ដែលមានចំនួន៨១ ភាគរយនៃការឆ្លងថ្មីក្នុងឆ្នាំ២០២៣។ អត្រាឆ្លងមេរោគអេដស៍របស់ប្រទេសបានកើនឡើងដល់0,៤២ ភាគរយក្នុងឆ្នាំ២០២៤ បើធៀបនឹង0,៣៩ ភាគរយក្នុងឆ្នាំ២០២៣។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ការពិភាក្សាក៏បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៥ ផងដែរ។ គោលដៅ ៩៥-៩៥-៩៥ មានគោលបំណងឱ្យ ៩៥ ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ពួកគេ ៩៥ ភាគរយនៃអ្នកដែលធ្វើរោគវិនិច្ឆ័យឃើញត្រូវចាប់ផ្តើមការព្យាបាល និង៩៥ ភាគរយនៃអ្នកដែលត្រូវបានព្យាបាលសម្រេចបាននូវការទប់ស្កាត់ការចម្លងមេរោគ។

បច្ចុប្បន្ននេះ ប្រទេសឡាវដំណើរការកន្លែងធ្វើតេស្តចំនួន១៩៦ កន្លែង និងបណ្តាញមជ្ឈមណ្ឌលព្យាបាលដែលកំពុងកើនឡើងនៅទូទាំងខេត្តចំនួន១៨  ដោយផ្តល់ការថែទាំដល់បុគ្គលចំនួន១២៨០៣ នាក់ ដែលទទួលការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍។ កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរួមមានការពង្រឹងសេវា ការបង្កើនការយល់ដឹងជាសាធារណៈ និងការពង្រីកវិធានការបង្ការដើម្បីការពារក្រុមងាយរងគ្រោះ ខណៈដែលប្រទេសនេះធ្វើការឆ្ពោះទៅរកការបញ្ចប់ការចម្លងមេរោគអេដស៍នៅឆ្នាំ២០៣០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត