អ្នកអាចភ្លេចអេដស៍តែអេដស៍មិនដែលភ្លេចអ្នក! មនុស្សជាង១ពាន់នាក់ស្លាប់ដោយសារអេដស៍ក្នុងឆ្នាំ២០២២
វុធ ច័ន្ទតារា
14 មិថុនា 2024 05:00 AM

រាជធានីភ្នំពេញ៖ របាយការណ៍ចុងក្រោយរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៣មិថុនាថា មនុស្សជាង១ពាន់នាក់ស្លាប់ដោយសារអេដស៍ក្នុងឆ្នាំ២០២២។ ប៉ុន្តែករណីឆ្លងថ្មីៗបានធ្លាក់ចុះ បើធៀបក្នុងរង្វង់១០ឆ្នាំចុងក្រោយ...។

កម្ពុជាបានកត់ត្រាពីការធ្លាក់ចុះប្រហែល៣០ភាគរយនៃចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីៗ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ បើតាមរបាយការណ៍ដដែល មានករណីឆ្លងមេរោគអេដស៍ថ្មីៗប្រហែល១៤០០ករណី ក្នុងឆ្នាំ២០២២ ដែលជាការថយចុះប្រហែល៣០ភាគរយពី២០០០ករណីក្នុងឆ្នាំ២០១០។ របាយការណ៍បន្ថែមថា មេរោគអេដស៍ សម្លាប់មនុស្សប្រហែល១១០០នាក់ ក្នុងឆ្នាំ២០២២។ របាយការណ៍បានរកឃើញទៀតថា អត្រាចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ភាគច្រើនកើតឡើងក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចន្លោះពី១៥ទៅ៤៩ឆ្នាំ គឺមានប្រមាណ០,៥ភាគរយ។ យ៉ាងណាមកទល់នឹងពេលនេះ មនុស្សប្រហែល ជិត៦ម៉ឺន៥ពាន់នាក់ នៃអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ បានទទួលថ្នាំប្រឆាំងមេរោគ និងពន្យារជីវិត។

លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាប្តេជ្ញាបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ និងសម្រេចឱ្យបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ គោលដៅនេះ មានន័យថា ៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩៥ភាគរយដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនទទួលបានការណែនាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥ភាគរយដែលទទួលបាននូវការព្យាបាល គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ ការបន្តពូជរបស់មេរោគអេដស៍ នៅក្នុងខ្លួនរបស់មនុស្ស។ បើតាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ ​ កម្ពុជា​​សម្រេច​បាន​អត្រា​ឆ្លើយតប​ ៨៦-៩៩-៩៨ ​រួច​ហើយ​នៅ​ចុង​ឆ្នាំ​២០២២៕

លោក អៀង មូលី 
លោក អៀង មូលី 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត