
រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល កាលពីថ្ងៃពុធ បានចេញសេចក្តីបំភ្លឺ បកស្រាយចំពោះការផ្សាយមួយចំនួន ទាក់ទិននឹងស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ជាពិសេសក្នុងខេត្តតាកែវ ដែលមានខ្លឹមសារថា៖«HIV-មេរោគអេដស៍កំពុងកើនឡើងខ្លាំង TOP1 ព្រះសីហនុ TOP2 តាកែវ។ បង្កើនការប្រុងប្រយ័ត្ន៧ម៉ឺននាក់ផ្ទុក ៧០០០នាក់រត់គេចមិនទទួលការព្យាបាល»...។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈលិខិតបំភ្លឺចុះថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤ បានស្នើឱ្យទំព័រហ្វេសប៊ុក
ទិកតុក ឬវេទិកាណា ដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទាំងនោះ ត្រូវលុបចេញ
ឬធ្វើការកែតម្រូវភ្លាមៗ ដើម្បីជៀសវាងសាធារណជនមានការភាន់ច្រឡំធ្ងន់ធ្ងរ។
ស្ថាប័នជំនាញនេះ អះអាងថា ព័ត៌មានដែលបានចុះផ្សាយនោះមិនពិត ខ្វះមូលដ្ឋានច្បាស់លាស់
និងបានបង្កឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះ៖«មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍
សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល សូមធ្វើការបដិសេធ
និងច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត គ្មានមូលដ្ឋានច្បាស់លាស់» ។

ប្រទេសកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ស្ថិតក្នុងគន្លងផ្លូវក្នុងការឈានទៅសម្រេចបានគោលដៅសកល ៩៥%-៩៥%-៩៥%។ ក្នុងឆ្នាំ២០២៣ កម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៧ម៉ឺន៦ពាន់នាក់ ក្នុងនោះ ៦៩៤១៣នាក់ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ដូច្នេះ គេកត់សម្គាល់ថា មានអ្នករស់នៅជាមួយមេរោគអេដន៍ប្រមាណជា ៧ពាន់នាក់ ដែលមិនទាន់ដឹងខ្លួនថា ផ្ទុកមេរោគអេដស៍ ហើយមិនទាន់ទទួលបានសេវាព្យាបាល។ ដោយឡែក សម្រាប់ខេត្តតាកែវ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ និងទទួលការបង្ការ ថែទាំ ព្យាបាលដោយឱសថប្រឆាំងនឹងមេរោគចំនួន២៨១៤នាក់ ក្នុងនោះស្ត្រីមានចំនួន១៥៣៥នាក់ ខណៈមានអ្នកជំងឺត្រឹមតែ១៤នាក់ប៉ុណ្ណោះដែលបានចាកចេញពីសេវាព្យាបាលជាបណ្តោះអាសន្ន។ រីឯអ្នកពាក់ព័ន្ធកំពុងកិច្ចខិតខំប្រឹងប្រែងតាមដានទំនាក់ទំនង ដើម្បីនាំពួកគេវិលត្រឡប់មកទទួលសេវាថែទាំ និងព្យាបាលឡើងវិញ។

បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅឆ្នាំ២០២៣ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចំនួន១២០០នាក់ ក្នុងនោះ ៨៦ភាគរយ គឺស្ថិតក្នុងចំណោមប្រជាជនចំណុច និងដៃគូរួមភេទរបស់ពួកគាត់។ ក្រុមប្រជាជនចំណុចត្រូវបានចាត់ទុកថា ជាក្រុមដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍រួមមាន៖ ក្រុមស្ត្រីបម្រើសេវាកម្សាន្ត ក្រុម បុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទជាស្ត្រី ក្រុមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។

ទន្ទឹមគ្នានោះ មជ្ឈមណ្ឌល ក៏បានអំពាវនាវឱ្យប្រជាជន ក្រុមប្រជាជនប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ យុវវ័យ ត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ក្នុងការបង្ការ ការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ពីការរីករាលនៃមេរោគអេដស៍។ ព្រោះថា«យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ» ក្នុងករណីបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ និងឈានទៅទទួលសេវាថែទាំ និងព្យាបាលបន្ត បានទាន់ពេលវេលា៕




