
រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២នាក់ ត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តន៍វិន័យ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

យោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចុះថ្ងៃទី៣ ខែមករា ដែលទម្លាយតាមបណ្តាញសង្គមនារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ត្រីនគរបាលជាតិទាំង១២ រូបដែលត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា សម្រេចដកហូតមុខតំណែងឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិនោះ មានឋានន្តរសក្តិចាប់ពីព្រិន្ទបាលទោ និងខ្ពស់បំផុត វរសេនីយ៍ទោ។

សេចក្តីសម្រេចដដែលបញ្ជាក់ថា មន្ត្រីទាំងនោះស្ថិតនៅក្រោមឱវាទអង្គភាពចម្រុះផ្សេងៗរួមមាន៖ ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នាយផ្នែកអក្សរសម្ងាត់នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ផ្នែកការពារនិងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល មន្ត្រីនៃការរិយាល័យអន្តរាគមន៍ មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ត្រីផ្នែកនគរបាលយុត្តិធម៌នៃអធិការ ដ្ឋាននគរបាលខណ្ឌព្រែកព្នៅ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ៕




