
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីដែលមានក្បាលពោះធំជ្រុលឱ្យបន្ថយរបបអាហារមិនត្រឹមត្រូវ និងខិតខំហាត់ប្រាណ ដើម្បីមានកាយសម្បទារសមរម្យឡើងវិញ។ មិនដូច្នេះ មន្ត្រីទាំងនោះត្រូវបំពេញការងារតែក្នុងការិយាល័យ ពោលគឺមិនអនុញ្ញាតឱ្យចេញក្រៅឡើយ។ នេះបើតាមការបញ្ជាក់របស់ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោក ស សុខា។

អ្នកនាំពាក្យរូបនេះឱ្យដឹងបន្ថែមថា ការថ្លែងរំឭកសាជាថ្មីដល់ភាគីពាក់ព័ន្ធឱ្យអនុវត្តវិធានការរឹតត្បិត មន្ត្រីក្បាលពោះធំៗ មិនឱ្យចេញបំពេញភារកិច្ចផ្ទាល់ជាមួយមហាជន របស់ លោកឧបនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទកន្លងទៅ។«ចំពោះនគរបាលដែលគាត់មានមាឌធំ ដុះក្បាលពោះ ដុះស្អីៗទាំងអស់នេះ គឺមិនមែនថាមិនឱ្យគាត់ធ្វើការទេ! ឱ្យគាត់ធ្វើការ ប៉ុន្តែធ្វើនៅក្នុងប៉ារ៉ូ [ការិយាល័យ] ហាមដាច់ខាតកុំឱ្យគាត់ចេញទៅអនុវត្តកិច្ចការងារ ហើយជាពិសេសទៅលើការប៉ះពាល់ជាមួយមហាជន ជាពិសេសខាងក្រៅនេះ បាទ!»។ នេះជាប្រសាសន៍ លោក ស សុខា ដែល លោក រ៉េន រតនៈ យកមកផ្សាយនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៧តុលា ឆ្នាំ២០២៤។

ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រី ណែនាំឱ្យមន្ត្រីទាំងនោះហាត់ប្រាណយករាងសមរម្យឡើងវិញ ប្រសិនចង់ចេញបំពេញភារកិច្ចខាងក្រៅ។ លោកថ្លែងសង្កត់ធ្ងន់ថា៖«សម្រាប់អ្នកដែលគាត់មានក្បាលពោះ ឬគាត់មានមាឌធំ បើគាត់ចង់ទៅឈរវិញឱ្យគាត់ស្រកគីឡូ»។ ពាក់ព័ន្ធករណីនេះ លោក រ៉េន រតនៈ ពន្យល់បន្ថែមថា «ស្ដង់ដារ» ដែល លោក ស សុខា តម្រូវនាពេលនេះ គឺយ៉ាងហោចណាស់ឱ្យបាន «សមរម្យ» គឺសមភ្នែកមហាជន សមនិងអាចអនុវត្តការងារបាន ពោលគឺមិនមែនធំលើតូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។ អ្នកនាំពាក្យរូបនេះបន្ថែមថា៖«ឯកឧត្តមអភិសន្តិបណ្ឌិត លោកមិនបិទផ្លូវទេ គឺផ្ដល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវជាដើម»។ ភ្ជាប់ជាមួយការពន្យល់ លោក រ៉េន រតនៈ បន្ថែមថា ករណីមន្ត្រីមានក្បាលពោះដុះធំៗមានតិចតួចទេ បើធៀបនិងកងកម្លាំងសរុប៕




