
ក្រុងព្រៃវែង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈក្រុមការងារត្រួតពិនិត្យចល័តកាលពីថ្ងៃទី១២មីនា បានឆ្មក់ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ឃាត់បានរថយន្តដឹកលើសទម្ងន់ពិន័យចំនួន ៨គ្រឿង..។

តាមក្រសួងសាធារណការ ក្រុមការងារបានត្រួតពិនិត្យយានយន្តនៅចំណុចផ្លូវខេត្តលេខ៣១០ ចំនួន១៣គ្រឿង រកឃើញលើសទម្ងន់កម្រិតកំណត់ចំនួន៨គ្រឿងចន្លោះពី៥តោនដល់២៧តោន។ ក្នុងនោះឃាត់រក្សាទុក១ឆ្នាំចំនួន៦គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០។ ចំពោះមុខបញ្ហាដឹកលើសទម្ងន់នោះ ក្រសួងអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ឈានទៅដល់ការឃាត់រថយន្តទុកចំនួន១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមជម្រាបថា ទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់តាមប្រភេទយានយន្តត្រូវបានក្រសួងកំណត់រួមមាន៖ យានយន្ត២ភ្លៅ អនុញ្ញាតឱ្យដឹកបានទម្ងន់១៦តោន។ យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមាន៦ភ្លៅឡើងទៅ អាចដឹកបានទម្ងន់កំណត់៤៥តោន។ ចំពោះរថយន្តដែលផ្ទុកលើសចាប់ពី២០ភាគរយឡើងទៅនឹងត្រូវរងពិន័យ ដកបណ្ណបើកបរព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុក១ឆ្នាំ។ រក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំ យានយន្តដោយខ្លួនឯង។ ឈានទៅបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន១ឆ្នាំ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្ដងរួចមកហើយ និងនៅតែបន្តប្រព្រឹត្តល្មើសទៀត៕




