
ក្រុងស្ទឹងសែន៖ អ្នកវិនិយោគក្នុងវិស័យកសិកម្មនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ជុំវិញការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេស ខេត្តកំពង់ធំតែម្ដង…។

ក្នុងជំនួបជាមួយលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមអ្នកវិនិយោគិនកូរ៉េ ថែមទាំងបានប្រាប់ពីបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតនៅខេត្តកំពង់ធំ ហើយក៏គ្រោងធ្វើដំណើរមកសិក្សាផ្ទាល់ម្ដងទៀត ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ជំនួបរវាងលោក នួន ផារ័ត្ន និងក្រុមអ្នកវិនិយោគ នៃសាធារណរដ្ឋកូរ៉េ បានធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តកំពង់ធំ រូបនេះ បានដឹកនាំគណៈប្រតិភូខេត្តធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃកាលពីថ្ងៃ៦ដល់ថ្ងៃទី៨មីនា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េមកកាន់ខេត្តកំពង់ធំ ដើម្បីចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ, ពង្រីកទំនាក់ទំនងការទូតរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀនសូត្រពីគ្នា ការចែករំលែកបទពិសោធល្អៗ និង ស្វែងរកវគ្គបណ្តុះបណ្តាលរយៈពេលវែងនិងខ្លី ជូនមន្ត្រីរាជការនៃរដ្ឋខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពចូលរួមអភិវឌ្ឍន៍ខេត្ត។ លោក នួន ផារ័ត្ន បានបន្តជួបជាមួយប្រធានក្រុមហ៊ុន Heungkuk Industry (HK) និងបានចុះលិខិតបង្ហាញសុច្ឆន្ទៈក្នុងការជំរុញការវិនិយោគនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុន HK គ្រោងនឹងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ហើយលោកក៏បានជួបជាមួយលោក Sang-Hyuk JUNG ប្រធានធនាគារ Shinhan Bankផងដែរ។

ក្រោយពិភាក្សាគ្នា ធនាគារបានបញ្ជាក់ថា នឹងសិក្សាលទ្ធភាពបង្កើតសាខាមួយទៀតនៅខេត្តកំពង់ធំ ព្រមទាំងជួយកៀរគរទុនវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ។ ប្រធានធនាគារខាងលើ សន្យាបន្តជួយដល់ខេត្តកំពង់ធំនូវគម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលធនាគារធ្លាប់បានជួយកន្លងមក។ លោកអភិបាលខេត្តកំពង់ធំ ក៏បានបន្តជួបពិភាក្សាផងដែរជាមួយលោក អូ សេហ៊ូន OH Se-hoon អភិបាលរដ្ឋធានីសេអ៊ូល ក្នុងនោះ សាលារដ្ឋធានីសេអ៊ូល និងសិក្សាលទ្ធភាពលើការផ្ដល់ជំនួយជាគម្រោងបច្ចេកទេស ក្នុងការកែលម្អដងស្ទឹងសែន របស់ខេត្តកំពង់ធំ តាមបទពិសោធនៃការរៀបចំកែលម្អទន្លេហាន (Hangang River)។ បញ្ចប់ការពិភាក្សាជាមួយអភិបាលរដ្ឋធានីសេអ៊ូល លោក នួន ផារ័ត្ន បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកាំងវ៉ុន (Kangwon) ហើយភាគីទាំងពីរបានឯកភាពគ្នាលើការបញ្ចូនមន្ត្រីរាជការរបស់រដ្ឋបាលខេត្តកំពង់ធំ ទៅសិក្សាជំនាញខ្លីស្តីពីការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនឹងគ្នាឱ្យកាន់តែល្អថែមទៀត។

សូមជម្រាបថា ខេត្តកំពង់ធំ ស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញជាច្រើន ពិសេសលើវិស័យទេសចរណ៍ វិស័យកសិកម្ម និង កសិឧស្សាហកម្ម។ និយាយពីវិស័យកសិកម្ម ខេត្តកំពង់ធំ ជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើដំណាំស្វាយចន្ទី និងដំណាំស្រូវ ហើយក៏ជាជង្រុកស្រូវទី៥ បន្ទាប់ពីខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ និង ព្រៃវែង ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើនការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក៕



