
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអះអាងថានៅដើមឆ្នាំ២០២៥ ខេត្តតាកែវទទួលបានគម្រោងរោងចក្រចំនួន៥ ចូលមកបណ្ដាក់ទុនវិនិយោគ ខណៈលោកកំពុងប្រឹងប្រែងកៀរគរអ្នកវិនិយោគចូលមកខេត្តមានវ័យចំណាស់មួយនេះបន្ថែមទៀត...។

ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃទី១១មីនានេះ លោក វ៉ី សំណាង បានបញ្ជាក់ថា គិតពីខែមករាដល់ដើមខែមីនា មានរោងចក្រចំនួន៥ បានចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តតាកែវ។ ដោយសារតែមិនចង់ឱ្យពលរដ្ឋត្រូវធ្វើដំណើរឆ្ងាយ ខាតបង់សោហ៊ុយធ្វើដំណើរច្រើនផង ក្នុងចំណោមរោងចក្រទាំង៥ មានរោងចក្រ២ ត្រូវបានលោកអភិបាលខេត្តជំរុញឱ្យបោះទីតាំងនៅក្នុងស្រុកកោះអណ្ដែត ចំណែករោងចក្រ៣ទៀត បានបោះទីតាំងនៅក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខណៈការផលិត គឺផ្ដោតលើការកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ រោងចក្រទាំង៥នេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋទៅតាមជំហាន ដែលជំហាននីមួយៗត្រូវការកម្មករនិយោជិតមិនក្រោម១៥០០នាក់ឡើយ។

បើតាមលោកអភិបាលខេត្តតាកែវ ម្ចាស់រោងចក្រទាំង៥ សុទ្ធតែជាវិនិយោគិនចិន ចំណែកទុនវិនិយោគសរុបលោកប្រាប់ថា ចាំមិនច្បាស់ព្រោះគ្មានឯកសារនៅនឹងដៃ។ លោក វ៉ី សំណាង បន្ថែមថា ការដែលកម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ភាគច្រើនមកពីប្រទេសចិន គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែដោយសារទំនាក់ទំនងល្អរវាងគ្នានិងគ្នា ប្រទេសជាតិមានសុខសន្តិភាព ហើយប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺសម្ដេចនាយករដ្ឋមន្រ្តី ក៏ដូចជាមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនទៀត បានខិតខំប្រឹងប្រែងខ្លាំងក្នុងការចរចា បង្ហាញសក្ដានុពលរបស់កម្ពុជាទៅអ្នកវិនិយោគបរទេស។ ចំពោះលោកផ្ទាល់ជាអភិបាលខេត្តតាកែវ ក៏បានចូលរួមប្រឹងប្រែងចរចា កៀរគរវិនិយោគមកបណ្ដាក់ទុនផងដែរ ហើយលោកនឹងបន្តធ្វើការងារនេះបន្ថែមទៀត។ បើកម្ពុជាមានទទួលបានគម្រោងវិនិយោគច្រើនជាបន្តបន្ទាប់ នោះប្រជាពលរដ្ឋនឹងទទួលបានការងារធ្វើ មានប្រាក់ចំណូលសមរម្យ បន្ថយការចំណាកស្រុក និងអាចកាត់បន្ថយភាពក្រីក្រ៕



