សហគមន៍ស្រែរនោង អាចផលិតពងទាដល់២៥ម៉ឺនគ្រាប់ក្នុង១ថ្ងៃៗ សម្រាប់នាំទៅផ្គត់ផ្គង់ក្នុងទីផ្សារ
អុន សម្ផស្ស
មួយឆ្នាំមុន

ក្រុងដូងកែវ៖ សហគមន៍ភ្ញាស់ពងទាស្រែរនោងចំនួន២២ទីតាំង ក្នុង១ថ្ងៃៗ មានលទ្ធភាពផលិតពងទាកូន និងពងទាសាបផ្គត់ផ្គង់ទៅលើទីផ្សារ ចាប់ពី ២០ម៉ឺន ទៅ២៥ម៉ឺនគ្រាប់។ នេះបើតាមការបញ្ជាក់របស់លោកអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បញ្ជាក់ថា សហគមន៍ភ្ញាស់ពងទាស្រែរនោង២២ទីតាំងនោះ មានច្រវាក់ផលិតកម្មផ្សេងគ្នាដូចជា៖ ភ្ញាស់ដោយប្រើអង្កាម៣ទីតាំង, ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិ៧ទីតាំង និងភ្ញាស់ដោយប្រព័ន្ធខ្សែភ្លើង១២ទីតាំង។ មិនត្រឹមតែមានទីទាំងភ្ញាស់ពងទាកូនទេ សហគមន៍នេះក៏មានហ្វូងទាជាង៤៥ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ពងជាប្រចាំថ្ងៃ ដើម្បីផលិតជាពងទាកូន និងពងសាបនាំចេញទៅលក់លើទីផ្សារ។

ពងទាកូនស្រែរនោង ត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្ដល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលស្រុកត្រាំកក់ ក្នុងអំឡុងពេលអមដំណើរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះពិនិត្យមើល​សហគមន៍ពងទាស្រែរនោង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត