ក្រុមហ៊ុន៤មានទាំងចិន និងកាណាដា ជ្រើសរើសខេត្តតាកែវបង្កើតរោងចក្រកាត់ដេរ និងផលិតសម្ភារប្រើប្រាស់
អុន សម្ផស្ស
06 ឧសភា 2025 11:30 AM

ក្រុងដូនកែវ៖ ក្រុមហ៊ុនចំនួន៤ ដែលមានថៅកែជាជនជាតិចិន និងកាណាដា បានសម្រេចជ្រើសរើសខេត្តតាកែវជាទីតាំងវិនិយោគរបស់ខ្លួន ខណៈក្រុមហ៊ុនបាននិងកំពុងចុះពិនិត្យទីតាំងដើម្បីអាចបង្កើតរោងចក្រក្នុងពេលឆាប់ៗខាងមុខ...។

ក្រុមហ៊ុនទាំង៤នោះរួមមាន៖ ១.ក្រុមហ៊ុន ចុងវី (ខេមបូឌៀ) មេនូហ្វេកឆឹរឹង នឹងបង្កើតរោងចក្រផលិតកាបូប, វ៉ាលី, និងប្រអប់គ្រប់ប្រភេទ ដោយបោះទីតាំងនៅក្នុងឃុំពត់សរ ស្រុកបាទី។ ២.ក្រុមហ៊ុន យីនរួយ អ៊ុនថេលីជេន តិចណូឡូជី នឹងបង្កើតរោងចក្រផលិត និងផ្តុំដំឡើងសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ក្នុងផ្ទះបាយធ្វើពីលោហធាតុ, ផលិតផលប្លាស្ទិក, និងគ្រឿងបន្ទាប់បន្សំ ដោយសម្រេចបោះទីតាំងនៅឃុំក្រាំងលាវ ស្រុកបាទី។ ទីតាំងស្នើសុំបង្កើតរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានចុះពិនិត្យដោយផ្ទាល់ពី លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ធ្វើឡើងកាលពីថ្ងៃទី៥ឧសភា ឆ្នាំ២០២៥។

ដោយឡែក ក្រុមហ៊ុន២ទៀត គឺក្រុមហ៊ុន Way-fun Handbag របស់ប្រទេសចិន និងក្រុមហ៊ុន GSun Enterprise Co.Ltd របស់ប្រទេសកាណាដា។ ក្រុមហ៊ុនទាំង២ បានជួបជជែកពិភាក្សាជាមួយ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ឧសភានេះ ដោយបានចាប់អារម្មណ៍វិនិយោគលើវិស័យកាត់ដេរ, វ៉ាលីស, ឆ័ត្រ, កាបូបធ្វើដំណើរ នៅក្នុងខេត្តតាកែវ។ មានប្រសាសន៍ប្រាប់ SBM News នារសៀលថ្ងៃទី៦ឧសភា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បញ្ជាក់ថា គម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនទាំង៤ នឹងចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវប្រមាណ១ពាន់៥រយកន្លែង ក្នុងជំហានទី១។ ក្នុងចំណោមក្រុមហ៊ុនទាំង៤ មានក្រុមហ៊ុន ២ដែលលោកទើបបានជួបពិភាក្សានាព្រឹកនេះ ចង់បានទីតាំងបង្កើតរោងចក្រលឿនបំផុត ដើម្បីបំពេញតម្រូវការអ្នកបញ្ជាទិញរបស់គេ។

លោកអភិបាលខេត្តបន្តថា ពេលនេះលោកបានចាត់តំណាង ឱ្យនាំថៅកែក្រុមហ៊ុនទាំងពីរចេញទៅសិក្សារកមើលទីតាំងភ្លាមៗដោយផ្តោតលើតំបន់ដែលមានគេធ្វើអគារសម្រាប់ជួលស្រាប់នៅក្នុងស្រុកទ្រាំង និងស្រុកកោះអណ្តែត ដើម្បីឱ្យក្រុមហ៊ុនអាចទម្លាក់ឧបករណ៍ សម្ភារ និងជ្រើសរើសកម្មករចូលធ្វើការបានទាន់ពេលវេលា។ សូមជម្រាបថា ខេត្តតាកែវ ជាប់ចំណាត់ថ្នាក់លេខ៤ជាខេត្តមានរោងចក្រច្រើនជាងគេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា ខេត្តតាកែវនឹងមានមុខមាត់សេដ្ឋកិច្ចកាន់តែរីកចម្រើននាពេលខាងមុខ ដោយមានការវិនិយោគបង្កើតរោងចក្រផលិត ទំនិញកាន់តែច្រើនឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត