
ក្រុងព្រះសីហនុ៖ "ឆ្នេរព្រែកត្រែង" មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១១មីនា ឆ្នាំ២០២៥នេះ ដើម្បីអភិវឌ្ឍឱ្យក្លាយជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់...។

ពិធីបើកការដ្ឋានដើម្បីអភិវឌ្ឍឆ្នេរព្រែកត្រែង ធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្ទកម្ពុជា ព្រមទាំងមានការចូលរួមពីលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ តាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង” ជាគម្រោងស្ដារលើកកម្ពស់គុណភាពឆ្នេរឱ្យមានសោភ័ណភាព។

"ឆ្នេរព្រែកត្រែង” នឹងត្រូវអភិវឌ្ឍ ក៏ដូចជាកែលម្អនូវចំណុចជាច្រើនរួមមាន៖ រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់-សធម្មជាតិ ប្រណិតកម្រិតខ្ពស់សម្រាប់សាធារណជន និងទេសចរ, រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្ទកម្សាន្ត និងរៀបចំប៉មឆ្មាំសមុទ្ទសម្រាប់ការពារសុវត្ថិភាព, រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបណ្តាញបៃតង និងកន្លែងពិកនិកកម្សាន្តនៅលើដីចំណីឆ្នេរសមុទ្ទសម្រាប់សាធារណជន និងទេសចរ, រៀបចំផ្លូវថ្មើរជើងសម្រាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្ទស្របតាមបណ្តោយឆ្នេរសមុទ្ទ, រៀបចំកន្លែងអង្គុយលម្ហែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្ដង់ដារអន្តរជាតិ សម្រាប់សាធារណជន និងទេសចរ, រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព, ជួសជុលកែលម្អកញ្ចុះចាស់ៗដែលមានស្រាប់សម្រាប់សាធារណជន និងទេសចរ។

បន្ថែមលើនេះ ក៏មានការរៀបចំដំឡើងឆ័ត្រប្រក់ស្បូវសម្រាប់សាធារណជន និងអ្នកទេសចរ, រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប, រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្ទដែលស្អាតបំផុតលើសកលលោក និង រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្ទដែលស្អាតបំផុតលើសកលលោក។ រដ្ឋបាលខេត្តព្រះសីហនុ បានបបង្ហាញក្ដីរំពឹងថា នៅពេលសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" រួចរាល់ នោះខេត្តព្រះសីហនុ នឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបានកាន់តែច្រើនបន្ថែមទៀត៕



