
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ បានលើកឡើងកាលពីថ្ងៃចន្ទទី១០មីនាថា សហរដ្ឋអាម៉េរិកជំទាស់នឹងភាសាដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការនាំយកប្រទេសរុស្ស៊ី និងអ៊ុយក្រែនចូលតុចរចា ខណៈក្ដីបារម្ភនៃភាពប្រេះស្រាំរវាងប្លុកនេះកាន់តែផុយស្រួយថែមទៀត ចំពេលស្តេចឥន្រ្ទីអាម៉េរិកម៉េរិក បានបន្ទន់ឥរិយាបថ និងល្អូកល្អើនជាមួយខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ី[រុស្ស៊ី]។

រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗចំនួន៧ រួមមាន៖ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាម៉េរិក នឹងជួបប្រជុំគ្នានៅកាណាដានៅថ្ងៃទី១២ដល់ទី១៤ ខែមីនា ជាលើកដំបូងចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងក្នុងខែមករា។ ប្រមុខការទូត G7 ចំនួន៤នាក់បង្ហាញក្ដីសង្ឃឹមថា ប្រទេសទាំង៧ នឹងយល់ព្រមលើសេចក្ដីថ្លែងការណ៍រួមមួយ រាប់ចាប់ពីភ្លើងសង្រ្គាមនៅអ៊ុយក្រែនដល់វិបត្តិនៅមជ្ឈិមបូព៌ា, ការរះឡើងនៃឥទ្ធិពលចិន និងកិច្ចខិតខំប្រឹងប្រែងរបស់ G7 ក្នុងការទប់ស្កាត់កងនាវាស្រមោលរបស់រុស្ស៊ី។

ទោះយ៉ាងណា អ្នកការទូតនៃក្រុម G7 អះអាងថា ការចេញសេចក្ដីថ្លែងការណ៍រួមនៅពេលនេះបង្ហាញឱ្យឃើញពីផលលំបាកខ្លាំង ខណៈភាពផុយស្រួយ និងភាពមិនប្រាកដប្រជារបស់បងធំអាម៉េរិក កាន់តែមិនច្បាស់លាស់។ អ្នកការទូត២រូប បានអះអាងថា សហរដ្ឋអាម៉េរិកកំពុងស្វែងរកការដកចេញនូវឯកសារយោងចំពោះការដាក់ទណ្ឌកម្មរុស្ស៊ី។ ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន លោក រ៉ូប៊ីអូ បានលើកឡើងថា តែងតែមានចំណុចជាប់គាំង ដោយរដ្ឋធានីវ៉ាស៊ីនតោនមិនអាចចុះហត្ថលេខាលើភាពជាប់គាំងជុំវិញការនាំរុស្ស៊ី និងអ៊ុយក្រែនទៅកាន់តុចរចាបាននោះទេ។

ប្រមុខការទូតកំពូលអាម៉េរិករូបនេះ សង្កត់ធ្ងន់ថា៖«យើងមានអារម្មណ៍ថា ភាសាប្រឆាំងពេលខ្លះធ្វើឱ្យវាកាន់តែពិបាកក្នុងការនាំយកភាគីពាក់ព័ន្ធចូលតុចរចារ ជាពិសេសដោយសារតែយើងមានមនុស្សតែម្នាក់ឯងនៅពេលនេះ[..]»។ គួរបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោនបានបែកបាក់ប្រេះស្រាំជាមួយសម្ព័ន្ធមិត្តនៅអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោករួចហើយកាលពីចុងខែកុម្ភៈ ជុំវិញការបដិសេធមិនថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕






