កូរ៉េខាងជើង សម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូង
N
Nary Vann
09 មីនា 2025 07:00 AM

សេអ៊ូល៖ កូរ៉េ​ខាង​ជើង​បាន​បង្ហាញនាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​កំពុងសាងសង់ជា​លើក​ដំបូង ដែល​ជាប្រព័ន្ធអាវុធបង្ក​ការ​គំរាម​កំហែង​សន្តិសុខ​យ៉ាង​ខ្លាំង​ដល់​កូរ៉េ​ខាង​ត្បូង និង​អាម៉េរិក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានចេញផ្សាយរូបថតរបស់នាវាមុជទឹកមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងផលិតកប៉ាល់ធំៗ ជាទីដែលនាវានេះត្រូវបានសាងសង់។ លោក Moon Keun-sik អ្នកជំនាញខាងនាវាមុជទឹកកូរ៉េខាងត្បូង បាននិយាយថា នាវាកងទ័ពជើងទឹកនេះ ហាក់ដូចជាប្រភេទទម្ងន់ ៦ពាន់តោន ឬ ៧ពាន់តោន ដែលអាចផ្ទុកមីស៊ីលបានប្រហែល ១០គ្រាប់។ លោក​បន្ត​ថា ការប្រើប្រាស់ពាក្យមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រនេះមានន័យថា វានឹងផ្ទុកអាវុធនុយក្លេអ៊ែរ ដែលនឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ ស្ថិតក្នុងចំណោមបញ្ជីនៃសព្វាវុធទំនើប ដែលលោក គីម ប្តេជ្ញាណែនាំក្នុងអំឡុងសន្និសីទនយោបាយដ៏ធំមួយនៅឆ្នាំ២០២១ ដើម្បីទប់ទល់នឹងការកើនឡើងនូវការគំរាមកំហែងផ្នែកយោធាដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ សព្វាវុធ​ផ្សេង​ទៀត​រួមមានមីស៊ីល​អន្តរទ្វីប​ដែល​ប្រើ​ឥន្ធនៈ​រឹង អាវុធ​លឿន​ជាង​សំឡេង ផ្កាយ​រណប​ចារកម្ម និងមីស៊ីលដែលអាចផ្ទុក​ក្បាល​គ្រាប់បាន​ច្រើនគ្រាប់។

មានសំណួរថា កូរ៉េខាងជើង ជាប្រទេសដែលមានទណ្ឌកម្មខ្លាំង និងក្រីក្រ តែអាចទទួលបានធនធាន និងបច្ចេកវិទ្យាក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរបានលេចចេញមក? លោក Moon បានលើកឡើងថា កូរ៉េខាងជើងប្រហែលជាបានទទួលជំនួយបច្ចេកទេសពីរុស្សី ដើម្បីសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរសម្រាប់នាវាមុជទឹកជាថ្នូរនឹងការផ្គត់ផ្គង់សព្វាវុធ និងកងទ័ពដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកក៏បាននិយាយផងដែរថា កូរ៉េខាងជើងអាចចាប់ផ្តើមនាវាមុជទឹកក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ដើម្បីសាកល្បងសមត្ថភាពរបស់វា មុនពេលដាក់ពង្រាយពិតប្រាកដ។ កូរ៉េខាងជើងមាននាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតប្រមាណពី ៧០ ទៅ​៩០គ្រឿង នៅក្នុងកងនាវាដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែភាគច្រើនជានាវាដែលមានអាយុកាលយូរៗមកហើយ។  

ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងក្រោមទឹកជាច្រើនដងចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែការបាញ់បង្ហោះទាំងអស់ត្រូវបានធ្វើឡើងពីនាវាមុជទឹកកម្រិត ២ពាន់តោន។ លើសពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសកូរ៉េខាងជើងកំពុងបញ្ចេញវោហារសាស្ត្រដ៏ខ្លាំងក្លារបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង មុនសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់កន្លែងផលិតកប៉ាល់ លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើងមានគោលបំណងធ្វើទំនើបកម្មលើផ្ទៃទឹក និងនាវាចម្បាំងក្រោមទឹកក្នុងពេលដំណាលគ្នា។ ទន្ទឹមគ្នានោះ លោកបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើឱ្យនាវាចម្បាំងលើសលប់ដែលមិនអាចប្រៀបផ្ទឹមបាន ដោយបំពេញបេសកកម្មរបស់ពួកគេក្នុងការទប់ស្កាត់ការទូតនៃកាំភ្លើងធំនៃកងកម្លាំងអរិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត