
(រាជធានីភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ចិកា ពោលគឺ១១ខែ ឆ្នាំ២០២២ បានធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង៤៨ពាន់លានដុល្លារ កើនឡើង១២,៨ភាគរយ។

របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ក្នុងតម្លៃជាង២០ពាន់លានដុល្លារអាម៉េរិក (២០៤៥៧លានដុល្លារ) កើនឡើង១៨,១ភាគរយ និងនាំចូលមកវិញក្នុងតម្លៃជិត ២៨ពាន់លានដុល្លារ (២៧ ៧៤៧ លានដុល្លារ) កើនឡើង ៩.២ភាគរយ ធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង៤៨ពាន់លានដុល្លារ(៤៨២០៤ លានដុល្លារ) កើនឡើង១២,៨ភាគរយ។
បើតាម ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានឱ្យដឹងថា ដោយសារភាពរឹងមាំនៃវិស័យផលិតកម្ម ការនាំចេញ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ៥ភាគរយ ក្នុងឆ្នាំ២០២២ និងប្រមាណ៦ភាគរយ ក្នុងឆ្នាំ២០២៣ ខាងមុខ ដែលមានកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ IMF, WB, និង ADB ផងដែរ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារចម្បង ដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ក្នុងតម្លៃជាង៨ពាន់លានដុល្លារ បន្ទាប់គឺប្រទេសវៀតណាម ចិន អាល្លឺម៉ង់ ជប៉ុន កាណាដា អង់គ្លេស ថៃ ប៊ែលហ្ស៊ិក លុល្លង់ អូស្ត្រាលី អេស្ប៉ាញ បារាំង ឥណ្ឌា អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី និងទីផ្សារមួយចំនួនទៀត។ ក្នុងរយៈពេល១១ខែនេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ជាង៨ពាន់លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជិត១៧០០លានដុល្លារ គ្រាប់ធម្មជាតិ ជាង១ពាន់លានដុល្លារ ស្បែកជើង ជាង១៥០០លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត៕



