
(រាជធានីភ្នំពេញ)៖ គិតត្រឹម រយៈពេល ១០ ខែដើមឆ្នាំ ២០២២នេះ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងកាណាដា បានស្ទុះដល់ជិត ៩៧៥ លានដុល្លារ ពោលគឺកើនជាង ១៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចេញរបស់កម្ពុជាគ្របដណ្ដប់រហូតដល់ជិត៩៧ ភាគរយនៃចំនួនទឹកប្រាក់សរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ។

ទិន្នន័យដដែល បានឱ្យដឹងថា ទំហំទឹកប្រាក់នៃពាណិជ្ជកម្មរវាងប្រទេសទាំង ២ រយៈពេល ១០ ខែ មានចំនួនសរុប ៩៧៤,៨៣ លានដុល្លារ កើនឡើង ១៨,៥ ភាគរយពីចំនួន ៨២២,៣៩ លានដុល្លារ កាលពីរយៈពេល ១០ ខែឆ្នាំ ២០២១។ ក្នុងនោះដែរ កម្ពុជាបាននាំទំនិញទៅប្រទេសកាណាដា ក្នុងទឹកប្រាក់សរុប ៩៤៥,៣១ លានដុល្លារ កើនឡើង ១៩,៧ ភាគរយពីចំនួន ៧៨៩,៩៨ លានដុល្លារ និងការនាំទំនិញពីកាណាដា មកកម្ពុជា មានទឹកប្រាក់ ២៩,៥១ លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយពីចំនួន ៣២,៤១ លានដុល្លារ។
ដោយឡែក សម្រាប់ខែតុលា ឆ្នាំ ២០២២វិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៧៣,៩២ លានដុល្លារ ធ្លាក់ចុះ ១,៥៧ ភាគរយបើធៀបខែតុលា ឆ្នាំ ២០២១ ដែលមានចំនួន ៧៥,១ លានដុល្លារ។

បើតាមជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក លោក Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា បានលើកឡើងថា អាស៊ាន និងកាណាដា រួមទាំងកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា គឺស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។
សូមរម្លឹកដែរថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៩៤,៧២ លានដុល្លារកើនឡើង ២៣,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា មានទឹកប្រាក់ ៩៥៤,៨៣ លានដុល្លារ កើនឡើង ២៧,១ ភាគរយ ខណៈទំនិញដែលកាណាដានាំមកកម្ពុជាមានទឹកប្រាក់ ៣៩,៨៩ លានដុល្លារ ថយចុះ ២៨,២ ភាគរយ។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




