ស្រូវថោកពេក! កសិករថៃប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងកសិកម្ម និងវិមានរាជរដ្ឋាភិបាល
ហៀប ស៊ីថេត
05 មីនា 2025 06:00 PM

រាជធានីបាងកក៖ កសិករថៃប្រហែល ១០០០នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខក្រសួង​កសិកម្ម និង​សហករណ៍​កសិកម្ម និង​នៅ​ខាង​ក្រៅ​វិមានរាជ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារទី៤ ខែកុម្ភៈ ដើម្បី​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ ចំពេល​ស្រូវ​ធ្លាក់​ថ្លៃខ្លាំង។

តំណាងកសិករមកពីតំបន់ទំនាបកណ្តាល និងខេត្តភាគខាងកើតនៃប្រទេសបានប្រមូលផ្តុំគ្នានៅមុខក្រសួងកសិកម្ម និងសហករណ៍កសិកម្ម ខណៈពួកគេបានទាមទារឱ្យរាជរដ្ឋាភិបាលធានាតម្លៃស្រូវឡើងវិញស្របពេលវាលស្រែស្រូវរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់ផង។ ក្រៅពីទៅតវ៉ានៅមុខក្រសួងកសិកម្ម ពួកគេក៏បានសម្រុកទៅកាន់​វិមាន​រាជរដ្ឋាភិបាលផងដែរ ដើម្បី​ទាមទារ​ដំឡើងតម្លៃស្រូវ។

តំណាងក្រសួងកសិកម្ម និងសហករណ៍កសិកម្ម និងរាជរដ្ឋាភិបាល បានទទួលញត្តិជាលាយលក្ខណ៍អក្សររបស់កសិករ បន្ទាប់មកក៏ជូនដំណឹងដល់ពលរដ្ឋថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងបង្កើតគណៈកម្មាធិការមួយដើម្បីពិភាក្សាអំពីបញ្ហានេះ និងជួបជជែករកដំណោះស្រាយរួមជាមួយតំណាងកសិករ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត