
ខេត្តកោះកុង៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយសហគ្រាដែលជាដៃគូ រៀបចំព្រឹត្តិការណ៍ដាំកូនកោងកាងជាលើកដំបូងចំនួនជាង២០០ដើម នៅតំបន់ការពារសហគមន៍កោះកាពិ ខេត្តកោះកុង។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤..។

ស្ថាប័នដដែលអះអាងថា ដើមកោងកាងដែលដាំថ្មីទាំងនោះគ្របដណ្ដប់លើផ្ទៃដីប្រមាណ០,៣ហិកតា ជាជំហានដំបូង និងឆ្ពោះទៅគោលដៅស្តារឡើងវិញនូវព្រៃកោងកាងចំនួន៤០០ហិកតា នៅភាគខាងជើងនៃខេត្តកោះកុងក្រោមគម្រោង «ពង្រឹងតំបន់ការពារសមុទ្ទ»។ គម្រោងស្តារព្រៃកោងកាងនោះ ដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូអ៊ិលធីឌី ដែលជាដៃគូអនុវត្តក្នុងសកម្មភាពនោះ។ តាមរយៈអង្គការដដែលនេះឱ្យដឹងបន្ថែមថា ការស្ដារឡើងវិញនូវព្រៃកោងកាងនឹងជួយទប់ស្កាត់ការបាត់បង់ជីវៈចម្រុះ ពង្រឹងជីវភាពរស់នៅសហគមន៍ដូចជា ការបង្កើនធនធានជលផល ទប់ស្កាត់នឹងបម្រែបម្រួលអាកាសធាតុ និងប្រយោជន៍ផ្នែកអេកូទេសចរណ៍។

គួរជម្រាបថា កោងកាងជាប្រភេទរុក្ខជាតិសមុទ្ទមួយប្រភេទ ដែលដុះនៅតាមបណ្ដោយឆ្នេរមានភក់ល្បប់មានទឹកប្រៃជោរនាចហើយធន់នឹងកំហាប់អំបិលខ្ពស់។ ព្រៃកោងកាងមិនត្រឹមតែមានប្រយោជន៍សម្រាប់មនុស្សទេ សូម្បីតែសត្វក៏ត្រូវពឹងផ្អែកលើវាដែរ។ ដូចជាជម្រកត្រី ខ្ចង ក្ដាម គ្រប់ប្រភេទរស់នៅ និងជាជម្រកពងកូនយ៉ាងសំខាន់។ ក្រៅពីនេះដើមកោងកាងជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្ទ មិនឱ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរសមុទ្ទផងដែរ។ បន្ថែមលើនេះ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍កម្ពុជា ដើមកោងកាង១ហិកតា អាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន១តោនដូចគ្នា៕




