ក្រសួង និងអង្គការក្រៅរាជរដ្ឋាភិបាល បង្កើតកម្មវិធីបង្រៀនយុវជនក្មេងៗដែលជាប់ពន្ធនាគារ
អុន សម្ផស្ស
30 វិច្ឆិកា 2024 08:00 AM

ខេត្តកោះកុង៖ ដើម្បីពង្រីកសេវាអប់រំមូលដ្ឋានសម្រាប់យុវជនដែលកំពុងជាប់ពន្ធនាគារ «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន» ត្រូវបានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យយុវជនក្មេងៗដែលជាប់ពន្ធនាគារក្នុងខេត្តកោះកុង បានសិក្សាតាមប្រព័ន្ធឌីជីថល។ កម្មវិធីនេះ ស្ថិតក្រោមការរៀបចំរបស់ក្រសួងអប់រំ ដោយមានកិច្ចសហការពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងមានការគាំទ្រពីអង្គការស៊ីប៉ា និងអង្គការយូណេស្កូ។ 

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ការដាក់ឱ្យដំណើរការ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតនៅពន្ធនាគារខេត្តកោះកុង ធ្វើឡើងក្នុងគោលដៅពង្រីកសេវាអប់រំមូលដ្ឋានដល់យុវជន ដែលកំពុងជាប់ពន្ធនាគារ ឱ្យបានបន្តការសិក្សា។ ពួកគេ នឹងត្រូវសិក្សាលើមុខវិជ្ជា៧ រួមមាន៖ គីមីវិទ្យា ភាសាខ្មែរ រូបវិទ្យា គណិតវិទ្យាកម្រិត១ គណិតវិទ្យាកម្រិត២ យេនឌ័រ និងជំនាញមូលដ្ឋានការងារ។ 

សូមជម្រាបថា កន្លងមក អ្នកជាប់ឃុំ៦៩នាក់ នៅពន្ធនាគាររាជធានីភ្នំពេញ បានទទួលការសិក្សា និងទទួលបានការប្រឡងបញ្ចប់ដោយជោគជ័យ។ ជាមួយគ្នានោះ ពន្ធនាគារចំនួន៥ទៀត កំពុងទទួលអ្នកជាប់ឃុំ៥១នាក់ ឱ្យចូលសិក្សា រួមមាន៖ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ (នៅរាជធានីភ្នំពេញ) ពន្ធនាគារខេត្តកណ្ដាល ពន្ធនាគារខេត្តកំពត និងពន្ធនាគារខេត្តកោះកុង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត