អាជ្ញាធរកម្ពុជា កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងធំ នៅពីក្រោយការលួចលាក់ប្រតិបត្តិការអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត
អាន ប៊ុនរ័ត្ននៈ
24 កុម្ភៈ 2025 08:30 AM

រាជធានីភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចុះបង្ក្រាបទីតាំងលួចលាក់ប្រតិបត្តិការអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែតចំនួន២ទីតាំង ក្រសោបបានជនរទេសប្រមាណ២៣០នាក់។ យ៉ាងណា អាជ្ញាធរកម្ពុជា គូសបញ្ជាក់ថា នឹងបន្តស្រាវជ្រាវស្វែងរកមេក្លោងធំនៅពីក្រោយករណីខាងលើ...។

អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការ ចង្អុលដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មន្ត្រីនគរបាលជំនាញក្រសួងមហាផ្ទៃ បានឈនដល់ការឆ្មក់ចុះបង្ក្រាបនូវទីតាំងលួចលាក់ប្រតិបត្តិការអនឡាញខុសច្បាប់ពីរទីតាំង កាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីអាជ្ញាធរបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែកន្លងមកនោះ។

  លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   
  លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះដែរ អាជ្ញាធរសមត្ថកិច្ចកម្ពុជា ក្រសោបបានជនបរទេសដែលសម្ងំលាក់ខ្លួនដោយស្ម័គ្រចិត្តធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដែលមានមេក្លោងជាជនជាតិចិន សរុបបានចំនួន២៣០នាក់ (ស្ត្រី៦៨នាក់) ក្នុងនោះជនជាតិថៃមានចំនួន១២៣នាក់ (ស្រី៥៩នាក់) ខណៈជនបរទេសផ្សេងទៀតមិនត្រូវបានទម្លាយអត្តសញ្ញាណនោះទេ។ ប៉ុន្តែយោងតាមប្រភពពីស្ថាប័នព័ត៌មានក្រៅប្រទេស រ៉យទ័រ បង្ហាញដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហ៊ួងសាប់ បញ្ជាក់ថា ជនបរទេសដែលត្រូវបានអាជ្ញាធរកម្ពុជា-ថៃ រួមគ្នាជួយសង្គ្រោះរួមមាន៖ ជនជាតិថៃ, ប៉ាគីស្ថាន, ឥណ្ឌា, តៃវ៉ាន់, និងឥណ្ឌូណេស៊ី

លោក ជីរ៉ាយុ ហ៊ួងសាប់ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ
លោក ជីរ៉ាយុ ហ៊ួងសាប់ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ

គួរបញ្ជាក់ផងដែរថា ដើម្បីបង្ក្រាមក្រុមឧក្រិដ្ឋជនធ្វើប្រតិបត្តិការជួញដូរមនុស្ស និងការឆបោកតាមអ៊ីនធឺណេត ដែលបាននិងកំពុងក្លាយជាជំងឺមហារីកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាជ្ញាធរថៃ និងកម្ពុជា បានរួមសហការគ្នាចុះស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរយ៉ាងក្ដៅគគុក នៅមួយរយៈពេលចុងក្រោយនេះ ពោលគឺអាជ្ញាធរព្យាយាមស្វែងរកប្រភពមេក្លោងធំ នៃក្រុមឧក្រិដ្ឋជន ដើម្បីជីកផ្តាច់ឫសគល់ឱ្យអស់...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត