ដំណឹងរីករាយ ប្រទះឃើញសត្វទន្សោងមួយហ្វូងធំក្នុងដែនជម្រកសត្វព្រៃខេត្តព្រះវិហារ
អុន សម្ផស្ស
មួយឆ្នាំមុន

ក្រុងព្រះវិហារ៖ ក្រសួងបរិស្ថាន នៅថ្ងៃសុក្រទី២៨កុម្ភៈនេះ បានប្រកាសដំណឹងដ៏រីករាយប្រទះឃើញវត្តមានសត្វទន្សោងមួយហ្វូង កំពុងដើរ​រកចំណីយ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ..។

ហ្វូងសត្វទន្សោងដែលក្រសួងថតបាន
ហ្វូងសត្វទន្សោងដែលក្រសួងថតបាន

ក្រសួងបញ្ជាក់ថា កាលពីពេលថ្មីៗ..ក្រុមអ្នកអភិរក្សបានប្រទះឃើញ ហ្វូងសត្វទន្សោងជាង១០ក្បាល មានញី មានឈ្មោល និងកូនតូចៗ ថតបានដោយកាម៉េរ៉ា។ ទន្សោង ជាប្រភេទជីវៈចម្រុះកម្រ និងជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ ចំពោះមុខ ការប្រទះឃើញនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកថា៖«ជាលទ្ធផលជោគជ័យមួយ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា»។ ក្រៅតែពីការកត់សម្គាល់ដូច្នេះ លោក ខ្វៃ អាទិត្យា ស្នើឱ្យអ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ ចូលរួមការពារថែរក្សាសម្បត្តិធនធានធម្មជាតិកម្រលើពិភពលោកនេះឱ្យបានគង់វង្ស សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសម្រាប់បម្រើដល់គោលដៅលំហែបៃតង ដើម្បីរួមចំណែកដល់ការបង្កើន ជីវភាពសហគមន៍ក្នុងមូលដ្ឋាន។

លោក ខ្វៃ អាទិត្យា  អ្នកនាំពាក្យក្រសួងបរិស្ថាន
លោក ខ្វៃ អាទិត្យា  អ្នកនាំពាក្យក្រសួងបរិស្ថាន

សូមជម្រាបថា «ទន្សោង» មានវត្តមាននៅតាម​តំបន់ព្រៃក្នុងភូមិភាគឦសាន និរតី និងភាគខាងជើងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុក ដែលមានស្មៅ ស្បូវ ព្រេច ឫស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាបជាដើម។ ទន្សោងមាន រូបរាង ដូច​គោស្រុក​ដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរក​ធ្លាក់ចុះក្រោម។ ទន្សោងមាន​សម្បុរក្រហម​ត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌-សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌-ស នៅផ្នែកក្រោយ​ត្រង់គូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។ បន្ទាប់ពីពពោះរយៈពេល ប្រមាណជា១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល។ នេះបើតាមក្រសួងបរិស្ថាន។

សូមរំឭកថា មុនប្រកាសដំណឹងនេះមួយថ្ងៃ គឺនៅថ្ងៃទី២៧កុម្ភៈ​ ក្រសួងបរិស្ថាន ក៏បានប្រកាសពីការប្រទះឃើញវត្តមានសត្វខ្ទីង២ក្បាល មេកូន (អាយុប្រហែល១ឆ្នាំ) នៅដែនជម្រកសត្វព្រៃ[ព្រៃឡង់] ចំណុចជិតភ្នំក្រៀល ភូមិភ្ញាក់រឭក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារផងដែរ។ ដ្បិតសត្វប្រភេទនេះ ក៏ត្រូវបានចាត់ទុកជាប្រភេទសត្វព្រៃកម្ររបស់ពិភពលោក ដែលបានចុះក្នុងបញ្ជីក្រហម IUCN ក្នុងកម្រិត VU មានន័យថា ជាសត្វងាយរងគ្រោះថ្នាក់ជាសាកល៕

សត្វខ្ទីង២ក្បាល មេ-កូន ដែលមន្ត្រីក្រសួងប្រទះឃើញ
សត្វខ្ទីង២ក្បាល មេ-កូន ដែលមន្ត្រីក្រសួងប្រទះឃើញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត