តើពលរដ្ឋប្រទេសណាខ្លះរងការឆបោកតាមអនឡាញច្រើនបំផុតក្នុងពិភពលោក? ហើយចុះកម្ពុជា...?
ហៀប ស៊ីថេត
01 មីនា 2025 01:00 AM

ឧក្រិដ្ឋជនឆបោកតាមអនឡាញ បានបោកបញ្ឆោតជនរងគ្រោះនៅទូទាំងពិភពលោកដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងទំហំទឹកប្រាក់ដ៏ច្រើនមហាសាលចំនួនជាង ១ពាន់ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមរបាយការណ៍រដ្ឋនៃការបោកប្រាស់សកល ឆ្នាំ២០២៤ ចេញដោយអង្គការ Global Anti-Scam Allianceតើលោកអ្នកមានដឹងទេ ប្រទេសណាខ្លះរងគ្រោះដោយសារការបោកប្រាស់តាមអនឡាញខ្លាំងជាងគេបំផុតនៅលើពិភពលោក...?

នឹកស្មានមិនដល់...! នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៤ ពលរដ្ឋរងគ្រោះដោយសារការបោកប្រាស់តាមអនឡាញខ្លាំងជាងគេ គឺសហរដ្ឋអាម៉េរិក ដោយជនរងគ្រោះម្នាក់ៗខាតបង់ជាមធ្យមចំនួន៣៥០០ដុល្លារ។ បន្ទាប់មកទៀត គឺជនរងគ្រោះនៅដាណឺម៉៉ាក ដោយក្នុងម្នាក់ៗចាញ់បោកគេអស់ប្រមាណ៣១០០ដុល្លារ ខណៈប្រជាជននៅស្វីស ជាមធ្យម មនុស្សម្នាក់ចាញ់បោកគេអស់ប្រមាណ៣០០០ដុល្លារ

ក្រៅពីនេះ ពលរដ្ឋប្រទេសផ្សេងទៀតដែលរងការខាតបង់ជាមធ្យមយ៉ាងច្រើន ក្នុងនោះរួមមាន៖ ស៊ុយអែត និងកូរ៉េខាងត្បូង ក្នុងមនុស្សម្នាក់ចាញ់បោកគេអស់២៧០០ដុល្លារ, សិង្ហបុរី២៤០០ដុល្លារ និងជប៉ុន២៣០០ដុល្លារ។ ជាងនេះទៅទៀតមាន៖ ពលរដ្ឋអេមីរ៉ាត់អារ៉ាប់រួមខាតបង់២២០០ដុល្លារក្នុងមនុស្សម្នាក់, កាណាដា និងនូវែលស្សេឡង់ ១៩០០ដុល្លារ, បន្ទាប់មកពលរដ្ឋអៀរឡង់ និងចក្រភពអង់គ្លេស ចាញ់បោកគេចំនួន ១៨០០ដុល្លារក្នុងមនុស្សម្នាក់។

សូមជម្រាបថា ប្រទេសផ្សេងៗជាច្រើនទៀត ក៏ត្រូវបានរាយការណ៍ពីការខាតបង់ និងចាញ់បោកតាមអនឡាញយ៉ាងធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រជាជន​កម្ពុជា​បាន​រង​ការ​ខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងច្រើន​ ដោយ​សារ​ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត។ គួររំឭកថា គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ ប្រជាជនកម្ពុជាចាញ់បោកតាមអនឡាញប្រមាណជិត៤០លានដុល្លារ។ នេះបើតាមរបាយការណ៍​ពី​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា។

គួរបញ្ជាក់ថា ទិន្នន័យនេះបានគូសបញ្ជាក់អំពីលក្ខណៈសកលនៃការបោកប្រាស់ និងភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុរបស់បុគ្គលនៅទូទាំងប្រទេសផ្សេងៗ។ យ៉ាងណា សារព័ត៌មាន SBM News ចង់ផ្ញើសារក្រើនរំឭកទៅដល់មនុស្សគ្រប់គ្នា ជាពិសេសពលរដ្ឋកម្ពុជាឱ្យរក្សាការប្រុងប្រយ័ត្ន និងស្វែងយល់អំពីការបោកប្រាស់គ្រប់រូបភាព ដែលអាចកើតមានឡើង ស្របពេលការបោកប្រាស់ និងការឆបោកតាមអនឡាញកំពុងក្លាយជាដំបៅមហារីកដ៏គួរឱ្យព្រួយបារម្ភបំផុតនៅក្នុងសម័យឌីជីថល និងសង្គមទំនើបមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត