
រដ្ឋធានីវៀងចន្ទន៍៖ ឥណ្ឌាបានរាយការណ៍ពីការខាតបង់ផ្នែកហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ជុំវិញការឆបោកតាមប្រព័ន្ធឌីជីថលក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤នេះ ខណៈករណីឆបោកទាំងនេះបានដំណើរការដោយបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានឡាវ The Laotian Times នៅថ្ងៃអង្គារទី២៩ខែតុលា។

យោងតាមរបាយការណ៍ខែឧសភា មជ្ឈមណ្ឌលសម្របសម្រួលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឥណ្ឌា (I4C) ពលរដ្ឋឥណ្ឌាបានខាតបង់ទឹកប្រាក់ប្រហែល ១៤,៤លានដុល្លារអាម៉េរិក ចំពោះការចាញ់បោកតាមប្រព័ន្ធឌីជីថល។ ប្រភេទនៃការបោកប្រាស់ផ្សេងទៀតក៏បានបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ រួមទាំងការបោកប្រាស់ពាណិជ្ជកម្ម ការវិនិយោគ និងការបោកប្រាស់តាមរយៈស្នេហា។ ការរកឃើញរបស់ I4C បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ប្រជាជនឥណ្ឌាខាតបង់ទឹកប្រាក់សរុបប្រហែល ២១០លានដុល្លារអាម៉េរិក ដែលមានប្រភពមកពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលកំពុងប្រតិបត្តិការចេញពីប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ និន្នាការនេះបានជំរុញឱ្យមានកិច្ចពិភាក្សាក្នុងតំបន់លើការបង្កើនកិច្ចខិតខំប្រឹងប្រែងការពារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងកាត់ព្រំដែនទាំងនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនឌ្រា ម៉ូឌី(Narendra Modi) បានគូសបញ្ជាក់ពីការគំរាមកំហែងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងកើនឡើង ហើយលោកបានជំរុញឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្ន។ នាយករដ្ឋមន្រ្តីរូនេះក៏បានចែករំលែកឃ្លីបសំឡេងនៃការឆបោកដែលអ្នកបោកប្រាស់បន្លំក្លែងខ្លួនជាមន្ត្រីប៉ូលិសដើម្បីទាមទារលេខសម្គាល់ផ្ទាល់ខ្លួន Aadhaar របស់ជនរងគ្រោះ។ លោក ម៉ូឌី បានសង្កត់ធ្ងន់ថា ៖«សំឡេងនេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរ មិនមែនជាការកម្សាន្តទេ ប៉ុន្តែនេះជាឧបាយកលបោកប្រាស់»។ ដើម្បីដោះស្រាយការកើនឡើងនៃការគំរាមកំហែងការក្លែងបន្លំតាមអ៊ីនធឺណិតរីកដូចផ្សិតនេះ រដ្ឋាភិបាលឥណ្ឌាបានបើកដំណើរការបណ្តាញជំនួយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថ្នាក់ជាតិ ដែលអនុញ្ញាតឱ្យពលរដ្ឋរាយការណ៍អំពីឧប្បត្តិហេតុនៃការក្លែងបន្លំហិរញ្ញវត្ថុ៕





