ដើមឆ្នាំ២០២៥ កម្ពុជាប្រទះឃើញកូនផ្សោតកើតថ្មីចំនួន៤ក្បាល
អុន សម្ផស្ស
27 កុម្ភៈ 2025 03:00 AM

ក្រុងក្រចេះ៖ កូនផ្សោតទី៤សម្រាប់ឆ្នាំ២០២៥ ត្រូវបានរាយការណ៍ថាប្រទះឃើញ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ..។

ក្រសួងអះអាងថា កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាលផ្សេងទៀត។ ក្រសួងសង្កត់ធ្ងន់ថា៖«នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥»។ ចំពោះមុខការប្រទះឃើញវត្តមានកូនផ្សោតថ្មីនេះ ក្រសួងបានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ បន្ថែមលើនោះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទថា ក្នុងករណីបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត ត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផលជាបន្ទាន់។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោម៦ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុតនៅសេសសល់លើពិភពលោក។ ហេតុនេះ វត្តមានរបស់ផ្សោតកើតថ្មីបន្ថែមទៀត ក្នុងខេត្ដស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដនេះ ធ្វើឱ្យប្រជាសហគមន៍ អាចបង្កើនប្រាក់ចំណូលមួយកម្រិតទៀតតាមរយៈវិស័យទេចរណ៍។ វត្តមានរបស់សត្វផ្សោត ជាកត្តាចង្អុលបង្ហាញមួយអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិដែលផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍។ 

សូមរំឭកថា ក្នុងខែមករាឆ្នាំ២០២៥ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន២ក្បាល ស្ថិតនៅអន្លង់ត្បូងខ្លា ភូមិ​ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងពីក្បាលទៀតត្រូវបានប្រទះឃើញក្នុងខែកុម្ភៈនេះ។ តាមរបាយការណ៍ក្រសួងកសិកម្មគិតត្រឹមខែកុម្ភៈ ចំនួនសត្វផ្សោតទន្លេមេគង្គ​ បានកើនឡើងដល់ជាង១០០ក្បាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត