
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មិនចង់ឱ្យបំភ្លេចសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេសល្អៗ ដូចជា និទ្ទេស A, B, C នោះទេ ជាពិសេសសិស្សនិទ្ទេស A តែម្តង។ ហេតុដូច្នេះ លោកប្រាប់បណ្តាអង្គភាពក្រោមឱ្យវាទក្រសួងអប់រំ ឱ្យជួយពិនិត្យមើលជាប់រហូត ដើម្បីដឹងថាតើ សិស្សនិទ្ទេសAទាំងអស់នោះ ទៅដល់ណាហើយ និងក្លាយជាអ្វីខ្លះ?

ក្នុងសន្និបាតបូកសរុបការងារវិស័យអប់រំ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ការតាមសង្កេតមើលអនាគតសិស្សពូកែ គឺជាវិធានការមួយអាចរក្សាធនធានមនុស្សកម្ពុជា ហើយក៏ជាការលើកទឹកចិត្តដល់ពួកគេផងដែរ។ លោកបន្តថា ពេលសិស្សពូកែទាំងនោះបានបញ្ចប់ការសិក្សា ជំហានដំបូង គួរលើកទឹកចិត្តពួកគេឱ្យធ្វើជាគ្រូ ព្រោះលោកយល់ថា ដើម្បីបានគ្រូមានគុណភាព ចំណុចមួយ គឺត្រូវជំរុញអតីតសិស្សពូកែឱ្យធ្វើជាគ្រូតែម្តង។

ម្យ៉ាងទៀត លោកឧបនាយករដ្ឋមន្រ្តីជំរុញឱ្យនាំគ្នារក្សាអតីតសិស្សពូកែដែលបញ្ចប់ការសិក្សា ទុកជាធនធានមនុស្សក្នុងប្រទេសកម្ពុជាឱ្យបាន។ លោកមិនបាត់បង់សិស្សពូកែៗដែលកម្ពុជាខំបណ្តុះបណ្តាល តែដល់ពេលបញ្ចប់ការសិក្សា បែរជាទៅបម្រើការងារនៅប្រទេសដទៃ ដូចជា ទៅជាបម្រើការងារនៅអាម៉េរិក ជាដើម។ «សូមឱ្យសិក្សា រក្សា និងគាំទ្រធនធានយើង [..] កុំឱ្យបណ្តុះបណ្តាលទៅ ពួកគាត់រត់ទៅធ្វើការនៅអាម៉េរិក» នេះជាការចង់បានរបស់លោករដ្ឋមន្រ្តី ដែលបង្ហាញចំពោះមុខមន្រ្តីពាក់ព័ន្ធ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីអប់រំ បានលើកយកប្រទេសសិង្ហបុរី មកធ្វើជាឧទាហរណ៍ ពីរបៀបរក្សាធនធានមនុស្សដែលកើតចេញពីសិស្សពូកែ។ លោករំលេចឡើងថា នៅសិង្ហបុរី សិស្សទិន្ទេសល្អៗ តែងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាល្អៗនៅបរទេស ហើយពេលរៀនចប់ ក៏វិលចូលទៅជួយអភិវឌ្ឍសិង្ហបុរីជាប្រទេសរបស់ពួកគេវិញ។ របៀបរក្សាធនធានមនុស្សត្រង់ចំណុចនេះ លោកមើលឃើញថា កម្ពុជានៅខ្វះចន្លោះ។ ដូច្នេះ លោកក៏លើកជាគំនិតថា កម្ពុជាគួរមានយន្តការនេះ ដូចសិង្ហបុរីដែរ៕



