រដ្ឋមន្រ្តីអប់រំបំភ្លឺ៖ សៀវភៅថ្មីមានរូបវិមានឈ្នះឈ្នះ សរសេរពីប្រវត្តិសាស្រ្តពិត មិនកាឡៃទេ
Mao Sopha
07 កុម្ភៈ 2025 09:00 AM

រាជធានីភ្នំពេញ៖ ប្រតិកម្មដែលចេះតែលេចឡើងបន្តិចម្តងៗ និងកាន់តែខ្លាំងទៅៗ ពីសំណាក់សាធារណជនមួយចំនួន ពិសេសពីក្រុមអ្នកជំទាស់ ទៅលើការបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តថ្មីសម្រាប់សិស្សថ្នាក់ទី៦ ដែលនៅលើក្របសៀវភៅមានរូបវិមានឈ្នះឈ្នះ ជំរុញឱ្យលោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចេញមកបំភ្លឺ តាមរយៈវីដេអូឃ្លីបបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងផ្ទាល់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងវីដេអូបំភ្លឺប្រវែង១៥នាទី លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ក្នុងសៀវភៅថ្មីនេះ គ្មានការកាឡៃប្រវត្តិសាស្រ្តឡើយ តែត្រូវបានសរសេរឡើងដោយផ្អែកលើការពិតក្នុងប្រវត្តិសាស្រ្តខ្មែរ។

លោក ហង់ជួន ណារ៉ុន បើកសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ (ថ្មី) ពេលលើកឡើងពីខ្លឹមសារក្នុងសៀវភៅនេះ។ 
លោក ហង់ជួន ណារ៉ុន បើកសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ (ថ្មី) ពេលលើកឡើងពីខ្លឹមសារក្នុងសៀវភៅនេះ។ 

លោក ហង់ជួន ណារ៉ុន បំភ្លឺថា សៀវភៅថ្មីនេះ ផ្អែកលើប្រវត្តិសាស្រ្តពិត ដោយសារការប្រតិកម្មរបស់សាធារណជនមួយចំនួនខាងលើ មានភ្ជាប់ពាក្យថា ក្រសួងអប់រំ ឬរាជរដ្ឋាភិបាល មិនត្រូវកាឡៃប្រវត្តិសាស្រ្តខ្មែរ តាមរយៈសៀវភៅដែលមានរូបវិមានឈ្នះឈ្នះនេះឡើយ។ គេមើលឃើញថា វិមានឈ្នះឈ្នះ ត្រូវបានសាងសង់ឡើង ដើម្បីបង្ហាញការតស៊ូក្នុងការផ្តួលរំលំរបបខ្មែរក្រហម ពិសេសបង្ហាញពីការតស៊ូរបស់សម្តេច ហ៊ុន សែន តែម្តង ដែលបច្ចុប្បន្ន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។

រូបពីបណ្តាញសង្គម
រូបពីបណ្តាញសង្គម

សៀវភៅថ្មីសម្រាប់សិស្សទី៦នេះ មានឈ្មោះថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ហើយជាសៀវភៅប្រភេទប្រវត្តិសាស្រ្ត។ លើក្របសៀវភៅប្រវត្តិសាស្រ្តនេះ ក្រៅពីមានរូបវិមានឈ្នះឈ្នះ ក៏មានរូបកូនសិស្ស៤នាក់ដែរ គឺសិស្សស្រី២នាក់-សិស្សប្រុស២នាក់។ បើតាមលោករដ្ឋមន្រ្តីអប់រំ សៀវភៅថ្មីដែលទើបនឹងបោះពុម្ពនេះ គឺរក្សាខ្លឹមសារដើមនៃប្រវត្តិសាស្រ្ត តែត្រូវបានបញ្ចូលមេរៀនមួយចំនួនថែមទៀត អំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។

វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)។ 
វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)។ 

លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បរិយាយថា មេរៀនដែលត្រូវបន្ថែមក្នុងសៀវភៅថ្មីនេះ មានដូចជា៖ អំពីតួនាទីរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្នុងការផ្តួលរំលំរបបខ្មែរក្រហម, អំពីផែនទីដែលត្រូវបានប្រើប្រាស់ក្នុងការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម, អំពីការទប់ស្កាត់មិនឱ្យកម្លាំងខ្មែរក្រហមវិលចូលភ្នំពេញវិញ ពេលរត់ចេញពីភ្នំពេញដោយសារចាញ់កម្លាំងតស៊ូ, អំពីការតស៊ូរបស់សម្តេច ហ៊ុន សែន ក្នុងការចូលរួមផ្តួលរំលំរបបខ្មែរក្រហម, អំពីការអនុវត្តនយោបាយឈ្នះឈ្នះរបស់ម្តេច ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញចាប់តាំងពីឆ្នាំ១៩៩៨មក។ មកដល់ត្រង់កន្លែងនេះ លោករដ្ឋមន្រ្តីអប់រំ បញ្ជាក់សាជាថ្មីស្រដៀងនឹងសម្តីរបស់លោកខាងលើថា មេរៀនថ្មីដែលទើបនឹងបញ្ជូលទាំងនេះ សុទ្ធតែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាក់ស្តែង

សម្តេច ហ៊ុន សែន កាលនៅក្មេង
សម្តេច ហ៊ុន សែន កាលនៅក្មេង

ក្រៅពីនេះ ការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយកម្ពុជាមានសុខសន្តិភាព ក៏ត្រូវបានចងក្រងជាមេរៀនបន្ថែម១ទៀតដែរ និងបញ្ជូលទៅក្នុងសៀវភៅថ្មីនេះ។ បើតាមលោករដ្ឋមន្រ្តីអប់រំដដែល មេរៀននេះ គឺនិយាយពីការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងជំនាន់សម្តេច ហ៊ុន សែន ដូចជា យុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ខ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

រាជធានីភ្នំពេញពេលរាត្រ (រូបពីវីដេអូ៖ កណ្តៀវ) 
រាជធានីភ្នំពេញពេលរាត្រ (រូបពីវីដេអូ៖ កណ្តៀវ) 

កន្លងមក ក្រសួងអប់រំ បានបោះពុម្ពសៀវភៅថ្មីបែបប្រវត្តិសាស្រ្តមានចំណងជើងប្រហាក់ប្រហែលគ្នា ដែលនិយាយពីប្រវត្តិសាស្រ្តខ្មែរពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដូចជា សៀវភៅប្រវត្តិសាស្រ្តមានចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង» សម្រាប់ថ្នាក់ទី៤, សៀវភៅប្រវត្តិសាស្ត្រមានចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅក្រោមអាណាព្យាបាលបារាំង» សម្រាប់ថ្នាក់ទី៥ ជាដើម។ ប៉ុន្តែសៀវភៅប្រវត្តិសាស្រ្តទាំង២ក្បាលនេះ ឬសៀវភៅប្រវត្តិសាស្រ្តផ្សេងទៀត មិនធ្វើឱ្យក្រសួងអប់រំ រងការរិះគន់ ដូចសៀវភៅមានចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» សម្រាប់ថ្នាក់ទី៦នេះឡើយ៕   

លោក ហង់ជួន ណារ៉ុន ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា រាជបូណ៌
លោក ហង់ជួន ណារ៉ុន ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា រាជបូណ៌
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត