
រាជធានីភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT ចាត់ទុកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ ជាឱកាសសាកល្បងសមត្ថភាពក្រុមកីឡាករជាតិ ដើម្បីត្រៀមខ្លួនទៅប្រជែងយកមេដាយបន្ថែម និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីលើកទី៥។

ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ (WT) នាល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធតេក្វាន់ដូ បានវាយតម្លៃខ្ពស់ និងចាត់ទុកការប្រកួតកីឡាតេក្វាន់ដូ (WT) ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នេះ ប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់ដោយជោគជ័យ។ ជាមួយគ្នានោះលោកថ្លែងថា៖[..]គោលដៅនៃការរៀបចំកីឡាជាតិនេះ គឺដើម្បីពង្រឹងបច្ចេកទេស សមត្ថភាពរបស់កីឡាករ កីឡាការិនី ស្របតាមលក្ខខណ្ឌជ្រើសរើសក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ ឈានឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលធ្វើនៅព្រះរាជាណាចក្រថៃ និងជាពិសេសឈានឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ នៅឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា និងទទួលធ្វើជាម្ចាស់ផ្ទះ[..]»។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកីឡាករ កីឡាការិនីត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព និងបច្ចេកទេស។«សូមកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំប្រឹងប្រែងហាត់ហ្វឹកហ្វើន ប្រកាន់ខ្ជាប់និងវិន័យ ហើយក៏សូមឱ្យលោកគ្រូ អ្នកគ្រូ ជាគ្រូបង្វឹកទាំងអស់ ចៅក្រម អាជ្ញាកណ្ដាល បន្តខិតខំជួយហ្វឹកហាត់កីឡាករ កីឡាការិនី និងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខ»។ នេះជាការថ្លែងបញ្ជាក់របស់លោករដ្ឋមន្ត្រី។

ផ្អែកតាមរបាយការណ៍ លោកជ្រិន សុធា ការប្រកួតកីឡាតេក្វាន់ដូWT ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានប្រតិភូកីឡាតំណាង ក្រសួង-មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចូលរួមសរុបចំនួន១៨។ ប្រកួតលើវិញ្ញាសាសរុបចំនួន២០ លើ២៣វិញ្ញាសា រួមមាន៖ វិញ្ញាសាមេគុនបុរស វិញ្ញាសាមេគុននារី វិញ្ញាសាមេគុនជាគូ(បុរស-នារី) វិញ្ញាសាប្រយុទ្ធផ្នែកបុរស និងវិញ្ញាសាប្រយុទ្ធផ្នែកនារី។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»៕









