«មានទាំងចំណេះដឹង» «មានទាំងចរិយាធម៌» ជាស្នូលក្នុងប្រព័ន្ធអប់រំកម្ពុជា
Mao Sopha
08 តុលា 2024 03:00 AM

រាជធានីភ្នំពេញ៖ «ចំណេះ» តែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ប្រជាជនម្នាក់ៗ។ ដើម្បីក្លាយជាប្រជាជនល្អក្នុងសង្គមបាន គឺត្រូវទាមទារឱ្យមានលក្ខណសម្បត្តិដ៏សំខាន់មួយទៀតបន្ថែមពីលើចំណេះដឹង នោះគឺ «ចរិយាធម៌»លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកកាសែតថា ក្នុងវិស័យអប់រំកម្ពុជា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការអប់រំផ្នែកចំណេះដឹងផង និងផ្នែកចរិយាធម៌ផង។

លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ដូចរាល់ឆ្នាំ លោកលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ រួមនឹងមន្រ្តីពាក់ព័ន្ធផ្សេងទៀត បានទៅបើកវិញ្ញាសាសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ (រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ហើយក្រោយចេញពីការបើកវិញ្ញាសា លោក បានធ្វើសន្និសីទខ្លីជាមួយក្រុមអ្នកកាសែត។ បេក្ខជនបាក់ឌុបជាង១៣ម៉ឺននាក់នៅទូទាំងប្រទេស ចាប់ផ្តើមប្រឡង នៅព្រឹកថ្ងៃទី៨ ខែតុលានេះ ហើយនឹងត្រូវបញ្ចប់នៅរសៀលថ្ងៃទី៩ ខែតុលា។

លោករដ្ឋមន្រ្តីអប់រំ ថ្លែងទៅកាន់អ្នកកាសែតថា ការអប់រំ ត្រូវមានចំណេះដឹង សមត្ថភាព បំណិន បូករួមទាំងចរិយាមារយាទ ដើម្បីក្លាយជាប្រជាជនល្អក្នុងការជួយកសាងប្រទេសជាតិ។ លោក ពន្យល់ពីសារសំខាន់នៃចំណេះ និងចរិយាធម៌ដែលមិនអាចខ្វះមួយណាបាន យ៉ាងដូច្នេះថា៖«[..] បើមានត្រឹមចំណេះដឹង តែមិនមានចរិយាធម៌ ឥរិយាបថល្អ គាត់អាចក្លាយជា ឧក្រិដ្ឋជន ឬភេរវករ»។ លោក បានលើកឧទាហរណ៍ថា ប្រទេសខ្លះ មានបញ្ហាសណ្តាប់សង្គម និងជួបការហិនហោច ដោយសារតែមានភេរវករ។

និយាយឱ្យស្រួលយល់ ចរិយាធម៌ គឺសំដៅលើចរិតល្អ និងការប្រព្រឹត្តអំពើល្អក្នុងសង្គម ដោយមិនបង្កទុក្ខទោសដល់អ្នកដទៃ។ មានអាកប្បកិរិយាល្អ និងការនិយាយស្ដីល្អ ក៏រាប់ថា​ មានចរិយាធម៌ដែរ។ សម្តី ដែលស្តាប់ទៅមិនទើសត្រចៀក ហៅថាសម្តីល្អ។ អាកប្បកិរិយា ដែលមើលទៅមិនទើសភ្នែកហៅថា អាកប្បកិរិយាល្អ។ ចរិយាធម៌ អាចនាំឱ្យមានសុខដុមរមនាក្នុងសង្គម។ ផ្ទុយមកវិញ បញ្ហាក្នុងសង្គមមនុស្ស អាចកើតឡើងដោយសារមនុស្សខ្វះចរិយាធម៌ ឬសីលធម៌នេះឯង៕

លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧)
លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧)
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត