
រាជធានីភ្នំពេញ៖ ឆមាសទី២នៃឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបប្រមាណ២២លានដុល្លារអាម៉េរិក លើការផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់លើអ្នកជំងឺជាកុមារ…។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ការចំណាយថវិកាប្រមាណ២២លានដុល្លាររបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆមាសទី២ ឆ្នាំ២០២៤ គឺមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាលដែលមានចំនួនប្រមាណ១,៧៥លានដុល្លារអាម៉េរិកឡើយ។ ថវិកានេះ ត្រូវបានចំណាយលើការផ្ដល់សេវាមួយចំនួនដូចជា៖ ពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ(Outpatient) ចំនួន៥១៦ ៥៩១ករណី, ពិនិត្យ និងព្យាបាលទារក និងកុមារមានជំងឺធ្ងន់ធ្ងរ ដោយដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន១០៣ ៨៨០នាក់, ពិនិត្យ និងព្យាបាលទារក និងកុមារមានជំងឺគ្រុនឈាមចំនួន៣៣៣២នាក់, ព្យាបាល និងវះកាត់ធំដល់ទារក និងកុមារចំនួន១៥ ៨៤៨នាក់, វះកាត់ និងឆ្លុះស្និតសរសៃបេះដូងរបស់ទារក និងកុមារមានជំងឺបេះដូងពីកំណើតចំនួន៥៣៣នាក់, ផ្តល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ នៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យជ័យវរ័ន្មទី៧ ខេត្តសៀមរាប ចំនួន៥៥ ២៣៧ករណី និងផ្តល់សេវាសម្រាលកូនចំនួន១៥ ៨០១នាក់។

តាមរយៈការចំណាយដ៏ច្រើនជារៀងរាល់ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា តែងទទួលបានការបរិច្ចាគថវិកាពីថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជននានាជាច្រើនផងដែរ។ ជាក់ស្ដែង ក្នុងឆមាសទី២ ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានចំណូលសរុបចំនួនប្រមាណ៦,២៥លានដុល្លារអាម៉េរិក ឬមានកំណើន៥៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី២ ឆ្នាំ២០២៣។ កំណើននេះ គឺមានការរួមចំណែកដោយកំណើននៃចំណូលពីគ្រឹះស្ថានអង្គរ និងការបរិច្ចាគរបស់សប្បុរសជននានា កើនឡើងដល់ចំនួនប្រមាណ៣,៨៦លានដុល្លារអាម៉េរិក ឬមានកំណើន៥១៧ភាគរយ ខណមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនប្រមាណ២,០៨លានដុល្លារអាម៉េរិក ឬកើនឡើង៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ទោះបីថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាមានការកើនឡើងក៏ដោយ ប៉ុន្តែការបន្តកិច្ចខិតខំប្រឹងប្រែងកៀរគរថវិកាត្រូវតែបន្តធ្វើ។ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវពង្រីកកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជំរុញការចូលរួមបំផុសចលនាកៀរគរការបរិច្ចាគ ទាំងតាមព្រឹត្តិការណ៍នីមួយៗ និងតាមលក្ខណៈជាយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យគណៈកម្មការទ្រទ្រង់នីមួយៗ ចូលរួមកាន់តែសកម្មក្នុងសកម្មភាពផ្សព្វផ្សាយ និងកៀរគរថវិកាសប្បុរសធម៌ ដែលមូលនិធិគន្ធបុប្ផាកម្ពុជារៀបចំ ឬរៀបចំដោយគណៈកម្មការ ទ្រទ្រង់នីមួយៗ៕



