ចូលកាន់តំណែងឡើងវិញបានជាង១សប្តាហ៍ ចិនជាប្រទេសដំបូងគេដែលលោក ប្រាក់ សុខុន ទស្សនកិច្ច
អុន សម្ផស្ស
28 វិច្ឆិកា 2024 02:15 AM

រាជធានីភ្នំពេញ៖ ក្រោយត្រឡប់ចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសកម្ពុជាឡើងវិញបន្ទាប់ពីឃ្លាតឆ្ងាយជាង១ឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តើមដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិន រយៈពេល៤ថ្ងៃ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចនោះ គឺធ្វើឡើង តបតាមការ​អញ្ជើញ​របស់ភាគីចិន ចាប់ទី២៨វិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគី​ដាច់​ដោយឡែកពីគ្នាជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្ដចិន។ បន្ថែមលើនេះ លោក ឧប​នាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងទៀតផងដែរ។ ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន​កម្ពុជា​-ចិន ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មាន​គោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែក​ថែប​រវាងប្រទេសទាំងពីរ។

គួរជម្រាបថា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមន្ត្រីការទូតដ៏ចំណានរបស់​កម្ពុជា ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាំងតែពីអាណាត់ចាស់មកពោលគឺលោកចាប់ផ្តើមកាន់តំណែងនេះនៅឆ្នាំ២០១៦។ ក្រោយបំពេញការងារប្រកបដោយភាពលេច​ធ្លោរ ប្រមាណ ៧ឆ្នាំ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ លោក ប្រាក់ សុខុន ក៏ត្រូវបានប្តូរចេញពីក្រសួងការបរទេស ហើយទទួលបានតំណែងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ បន្ទាប់ពីចាកចេញពីក្រសួងការបរទេស រយៈពេលជាង១ឆ្នាំ លោកក៏​ទទួល​បានការទុកចិត្តពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី និងទទួលការគាំទ្រពីសមាជិករដ្ឋសភា បោះឆ្នោតឱ្យ​វិលចូលកន្លែងចាស់វិញ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត