
រាជធានីភ្នំពេញ៖ ដោយចង់លើកកម្ពស់សម្លៀកបំពាក់បុរាណខ្មែរ និងយល់ឃើញថាមានភាពស្រស់ស្អាត លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជំរុញឱ្យស្ត្រីទាំងអស់ចូលរួមប្រើប្រាស់ហូល ឬសំពត់បត់ខ្មែរឱ្យបានច្រើនពេលចូលរួមកម្មវិធីនានា...។

លោកជំទាវបណ្ឌិត លើកឡើងដូច្នេះក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី មានប្រសាសន៍ថា សម្លៀកបំពាក់ គឺជាអត្តសញ្ញាណទី១ និងដំបូងបំផុត ដែលអាចបង្ហាញពីជាតិសាសន៍ និងដើមកំណើតរបស់អ្នកស្លៀកពាក់ ហើយជាក់ស្តែង សម្លៀកបំពាក់បុរាណខ្មែរនីមួយៗបានបង្ហាញពីប្រវត្តិសាស្ត្រ និងការវិវត្តទៅតាមសម័យកាល។

ថ្លែងតាមរយៈបទពិសោធផ្ទាល់ខ្លួន ដែលលោកជំទាវតែងតែស្លៀកពាក់រាល់ពេលចូលរួមកម្មវិធីនានា លោកជំទាវមើលឃើញថា សម្លៀកបំពាក់បុរាណខ្មែរ មានភាពស្រស់ស្អាត ងាយស្រួល ជាពិសេសបានលើកសម្រស់ស្ត្រីឱ្យកាន់តែស្អាតមួយកម្រិតបន្ថែមទៀត។ លោកជំទាវសង្កត់ធ្ងន់ថា៖«សម្លៀកបំពាក់ គឺសំពត់បត់ខ្មែរនេះ អាចលាក់រាងនារីៗបាន ហើយលាក់ចង្កេះ ធ្វើយ៉ាងមិចឱ្យចង្កេះតូច ហើយលាក់ក្បាលពោះបានដល់៨៥ភាគរយ»។ ហេតុនេះ ទោះបីបានសង្កេតឃើញកំណើននៃអ្នកស្លៀកសម្លៀកបំពាក់ខ្មែរកើនឡើងច្រើនហើយក៏ដោយ លោកជំទាវក៏នៅតែលើកទឹកឱ្យស្ត្រីទាំងអស់ មិនថាចាស់ ឬក្មេង គួរចូលរួមប្រើប្រាស់ឱ្យបានញឹកញាប់ ជាពិសេសក្នុងពេលចូលរួមកម្មវិធីផ្សេងៗ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ ឬជំនួបជាមួយថ្នាក់ដឹកនាំបរទេសជាដើម។

គួរបញ្ជាក់ថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ត្រូវបានរៀបចំឡើងដើម្បីគូសរំលេចនូវភាពដែលសាមញ្ញ និងថ្លៃថ្នូរ របស់សម្លៀកបំពាក់របស់ខ្មែរ។ ក្នុងនោះ កម្មវិធីក៏មានរៀបចំការជាបង្ហាញម៉ូតសម្លៀកបំពាក់ រួមទាំងកម្រងវីដេអូឯកសារ ដែលបានបង្ហាញពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន។ បើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចត្រសិល្បៈ៕




