ដើមឆ្នាំ២០២៥ មន្ត្រីចរាចរណ៍នឹងអនុវត្តវិធានការដកបណ្ណបើកបរអស់ពិន្ទុទូទាំងប្រទេស
អុន សម្ផស្ស
24 ធ្នូ 2024 03:45 AM

រាជធានីភ្នំពេញ៖ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យទូទាំងប្រទេស ចាប់ពីដើមខែមករា ឆ្នាំ២០២៥ ក្រោមហេតុផល បង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ធ្នូ ឆ្នាំ២០២៤...។

<br />

តាមរយៈសេចក្តីជូនដំណឹងដដែល លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ថា ចាប់ពីថ្ងៃពុធទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី-ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរទាំងនោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ត្រូវទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញនៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស ថេត អគ្គស្នងការនគរបាលជាតិ
លោក ស ថេត អគ្គស្នងការនគរបាលជាតិ

ការសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នេះធ្វើឡើង ដោយយោងប្រកាសអន្តរក្រសួងលេខ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាពនូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក។

<br />

សូមរំឭកថា កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរទូទាំងប្រទេស តាំងតែពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣មក។ ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូច្នេះ អ្នកបើកបរយានយន្តគ្រប់រូប ត្រូវយកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត