រាជធានីភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់១០៧ក្បាល។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...។

សត្វផ្សោត ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។ បើតាមក្រសួងកសិកម្ម ក្រៅពីមានតម្លៃផ្នែកទេសចរណ៍ វត្តមានសត្វផ្សោតទន្លេមេគង្គ កំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជាទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់១០៧ក្បាល ដូច្នេះដើម្បីធនានាបាននូវនិរន្តរភាពនៃសត្វផ្សោតក្នុងទន្លេមេគង្គ ចាំបាច់ណាស់នូវការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វត្តមានរបស់ឆ្មាំទន្លេ ជាពិសេសប្រជាជនដែលរស់នៅតាមភូមិ តាមដងទន្លេមេគង្គ ខណៈការចូលរួមការពាររបស់ពួកគាត់ គឺជារឿងចាំបាច់បំផុត ព្រោះបើពុំមានការចូលរួមឱ្យបានពេញទំហឹងនោះទេ ប្រហែលជាមិនមានវត្តមានរបស់សត្វផ្សោតនៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ទៀតទេ។

ក្រសួង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដោយបញ្ឈប់ការដាក់មងក្រឡាធំក្នុងទន្លេ ឬដោយការនេសាទដោយឧបករណ៍ខុសច្បាប់ ពុំនោះសោត អ្នកប្រព្រឹត្តនឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់ដ៏តឹងរឹងពីមន្រ្តីជលផល៕

