ខេត្តកំពង់ចាម៖ សត្វផ្សោតញីមួយក្បាល អាយុប្រមាណ២៨ឆ្នាំ ត្រូវប្រទះឃើញងាប់ នៅក្នុងភូមិសាស្ត្រភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។

ក្រសួងអះអាងថា ក្រោយប្រទះឃើញសត្វផ្សោតដែលមានប្រវែងដងខ្លួន រហូតដល់២,៣៥ម៉ែត្រ និងទម្ងន់១១៥គីឡូក្រាម ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បានចុះទៅពិនិត្យជាក់ស្តែង។ ក្រោយការពិនិត្យឃើញថា ផ្សោតនេះមានលេខកូដសម្គាល់០៤៣ ប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ អ្នកជំនាញបានវះពិនិត្យក្រពះឃើញថា ពុំមានអាហារ តែមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យដែលពិនិត្យជាក់ស្តែង អ្នកជំនាញសន្និដ្ឋានថា ផ្សោតនេះងាប់ដោយវ័យចាស់។ ការងាប់របស់សត្វផ្សោតនេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។ ឆ្លើយតបនឹងការបាត់បង់នោះ ក្រសួង អំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅ និងឧបករណ៍ឆក់ជាបន្ទាន់។ ផ្ទុយមកវិញត្រូវផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី និងមងក្នុងតំបន់ផ្សោតរស់នៅ។

សូមជម្រាបថា តាមរយៈការធ្វើជំរឿនចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៤ កម្ពុជាមានសត្វផ្សោតប្រមាណ១០៤ក្បាលកំពុងរស់នៅ ខណៈរយៈពេល១១ខែឆ្នាំនេះ កម្ពុជាមានកូនផ្សោតកើតថ្មីបានចំនួ៩ក្បាល ហើយងាប់ទៅវិញ៤ក្បាល។ បើតាមក្រសួងកសិកម្មបញ្ជាក់ឱ្យដឹងថា សម្រាប់អាយុកាលរបស់សត្វផ្សោតអាចមានជីវិតរស់បាន គឺមានចន្លោះ២៥-៣០ឆ្នាំប៉ុណ្ណោះ ដូច្នេះ ប្រជានេសាទគួរបញ្ឈប់សកម្មភាពប្រើឧបករណ៍នេសាទខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់ហ្វូងសត្វផ្សោតទឹកសាបដ៏មានតម្លៃរបស់កម្ពុជាមួយនេះ ខណៈសត្វផ្សោតបានស្រូបទាញអ្នកទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនក្នុងមួយឆ្នាំៗឱ្យមកទស្សនាពួកវា ដើម្បីជាប្រភពចំណូលមួយជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះផងដែរ៕


