
ក្រុងស្ទឹងសែន៖ ជង្គង់មាន់បង្កក សត្វចង្រិត និងសត្វដុកឌឿខូចគុណភាពជាង១តោន ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ សហការជាមួយសាខា ក.ប.ប ដុតបំផ្លាញចោល ក្រោយធ្វើការបង្រ្កាបបានពីក្រុមឈ្មួញលួចនាំចូលប្រទេសជិតខាង ដើម្បីចរាចរណ៍ចែកចាយទៅកាន់ទីផ្សារ...។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ លោក សាយ វាសនា បញ្ជាក់ថា ជង្គង់មាន់បង្កក និងសត្វខូចគុណភាពជាង១តោននេះ ត្រូវបានកម្លាំងជំនាញសុខភាពសាធារណៈ និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ធំ បង្ក្រាបបានកាលពីពេលថ្មីៗ នៅចំណុចផ្លូវវាងក្រុងស្ទឹងសែន សង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ ដោយបានរកឃើញ ជង្គង់មាន់បង្កក ចំនួន១០កេស ត្រីសាលម៉ុនចំនួន១៤កេះ និងសត្វចង្រិត ព្រមទាំងសត្វឌុកដឿមានចំនួន៣កេស សរុបចំនួន១០៥៨គីឡូក្រាម។

យ៉ាងណា ក្រោយពិនិត្យយ៉ាងល្អិតល្អន់ដោយមន្រ្តីផ្នែកសុខភាព និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាលទ្ធផលទំនិញទាំងអស់សុទ្ធសឹងជាទំនិញខូចគុណភាព និងការដឹកជញ្ជូនពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដូច្នេះ ត្រូវដុតកម្ទេចចោល ដើម្បីទប់ស្កាត់ការចរាចរណ៍ទៅកាន់ទីផ្សារ ជាពិសេសការពារសុខភាពអ្នកប្រើប្រាស់សាធារណៈ៕



