រថយន្ត៥គ្រឿងដឹកលើសទម្ងន់នៅខេត្តកណ្តាល ត្រូវអាជ្ញាធរចាប់ពិន័យតាមច្បាប់
អុន សម្ផស្ស
20 កុម្ភៈ 2025 10:00 AM

ក្រុងសំពៅពូន៖ រថយន្តដឹកលើសទម្ងន់៥គ្រឿង ត្រូវមន្ត្រីជំនាញចាប់ផាកពិន័យ ក្រោយត្រួតពិនិត្យឃើញដឹកជញ្ជូនលើសកម្រិតកំណត់តាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល..។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ការឃាត់នេះធ្វើឡើងក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ប្រចាំគោលដៅផ្លូវជាតិលេខ១១០ ចំណុចគីឡូម៉ែត្រលេខ៧០+០០០ កាលពីរសៀលថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៥។ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន១៨គ្រឿង មានបំពាក់ឡូហ្គោ SS, KH, BS, TS, HC, NC ផ្ទុកទម្ងន់សរុបចន្លោះពី៤៥ដល់៥២តោន រកឃើញដឹកលើសទម្ងន់ចំនួន៥គ្រឿង។ តាមក្រសួង រថយន្តទាំង៥គ្រឿងដែលរកឃើញដឹកលើសចំណុះនោះ គឺចន្លោះពី៥ដល់១៧តោន ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់។ ក្នុងនោះមានមួយគ្រឿលើសធ្ងន់ធ្ងរត្រូឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០។

ចំពោះមុខនៃការឃាត់រថយន្តដឹកលើសកំណត់នោះ ក្រសួងអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់រថយន្ត និងកុំដឹកទំនិញលើសទម្ងន់។ ផ្ទុយមកវិញត្រូវចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ ត្រឹមត្រូវតាមច្បាប់កំណត់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកដំណើរតាមដងផ្លូវជាមួយគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត