ស្រែអំបិលកែប ជាតំបន់កសិទេសចរណ៍គួរជាទីប្រតិព័ទ្ធ ដែលមនុស្សគ្រប់គ្នាមើលរំលង
ហៀប ស៊ីថេត
19 កុម្ភៈ 2025 07:46 AM

ក្រុងកែប៖ ក្រោមពន្លឺព្រះសុរិយា កម្មករជាច្រើននៅខេត្តកែបបានប្រតិបត្តិការប្រមូលផលត្បូងគ្រីស្តាល់ពណ៌-ស នៅតាមវាលស្រែទឹកប្រៃ ខណៈកម្មករទាំងនោះបានប្រើខ្នោសកោសប្រមូលផលអំបិលជាពំនូកៗ និងដាក់ជាជួរៗ មើលទៅគួរជាទីចាប់អារម្ភណ៍ រួចក៏កើបដាក់បង្គី រែកគុជគ្រីស្តាល់ពណ៌-សទាំងនោះ ទៅរក្សាទុកនៅក្នុងឃ្លាំងឈើបិទជិត។ ទន្ទឹមនឹងសកម្មភាពដ៏រស់រវើកនេះ ជាទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនរស់នៅក្បែរមាត់សមុទ្ទកែបអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ...។

វាលស្រែត្បូងគ្រីស្តាល់[អំបិល]ដ៏ល្វឹងល្វើយ និងជាថ្នាក់ៗបាននាំមកនូវទេសភាពដ៏ស្រស់ត្រកាល សកម្មភាពដ៏រស់រវើក ជាមួយវាយោផើយផាត់រសាត់ប៉ះកាយាគួរជាទីជាប់ចិត្ត។ ក្រៅពីនេះស្រែអំបិលកែប មិនមែនគ្រាន់តែជាកន្លែងសម្រាប់តែប្រមូលផលអំបិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងជួបជុំដ៏រ៉ូមែនទិក ជាមួយនឹងការថតរូប និងវីដេអូដ៏សម្បូរបែប និងជាកន្លែងសម្រាប់គយគន់ថ្ងៃរះ និងផ្តិតអារម្ភណ៍នៅពេលសុរិយារៀបអស្ដង្គត។ ជាក់ស្តែង ក្រសួងទេសចរណ៍កម្ពុជា បានចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈនេះយ៉ាងដូច្នេះថា៖«កសិទេសចរណ៍ ស្រែអំបិលកែប មិនត្រឹមតែជាតំបន់វិនិយោគទុនប៉ុណ្ណោះទេ តំបន់នេះពិតជាល្អ និងស្រស់ស្អាតសម្រាប់ការថតរូប និងវីដេអូ ជាពិសេសនៅពេលព្រឹកព្រលឹម ថ្ងៃរះ និងពេលសុរិយារៀបអស្ដង្គត»។

លោកអ្នកដឹងទេ..តើអំបិលត្រូវបានផលិតឡើងដោយវិធីណា..? ហើយមានលក្ខណៈស្មុគស្មាញយ៉ាងដូចម្តេចខ្លះ..? ជាការពិតមិនអាចប្រកែកបាន អំបិល​ត្រូវ​បាន​ផលិត​នៅ​ក្នុងនៅក្នុងតំបន់ដែលមាន​ទឹកសមុទ្ទក្បែរនោះ ហើយជាទូទៅគេដំណើរការផលិតអំបិលនៅខែប្រាំង ពោលគឺចន្លោះខែធ្នូ ដល់ខែមេសា។ កម្មករបានមមាញឹកជាមួយនឹងការបញ្ចូលទឹកប្រៃចូលទៅក្នុង​ស្រែ​ហាល​ធំៗ​ ដែលគេបែងចែកជាថ្នាក់ៗ។​ នៅ​ពេលព្រះអាទិត្យបញ្ចេញកម្តៅចាំងជះលើវាលស្រែហាលទាំងនោះ ទឹកប្រៃក៏នឹងហួត​អស់​ ហើយក្រាម​អំបិល​ស្ដើងៗ​ប្រៀបបាននឹងដុំត្បូងគ្រីស្តាល់ពណ៌-សក្បុសក៏ផុសឡើង និងមានដុំគ្រីស្តាល់តូចៗ​ ​ដុះ​ពាសពេញ​ផ្ទៃនៃវាលស្រែអំបិល។ ក្រោយមក កម្មករក៏យកខ្នោសកោសប្រមូលពូនជាដុំ​ៗ ដាក់ជាជួរៗ រួចក៏ប្រមូល​យក​ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​។​ បើទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្មអំបិលនៅតែប្រឈមបញ្ហាអាកាសធាតុ និងកម្លាំងពលកម្ម។ ជាក់ស្តែង ទិន្នផល​អំបិលនឹង​ថយ​ចុះ ​ប្រសិនបើមាន​ភ្លៀង​កក់ខែធ្លាក់​ច្រើននៅក្នុងរដូវប្រាំង ឬរដូវប្រមូលផល ខណៈកម្មករជាច្រើននាក់បានបោះបង់ចោលការធ្វើស្រែអំបិល ទៅធ្វើរកការងារផ្សេងៗ ឬចំណាកស្រុកដោយសារតែការងារប្រភេទនេះមិនមានស្ថិរភាពឡើយ។

យ៉ាងណា វាលស្រែអំបិលកែប នៅតែជាទីតាំងផលិតអំបិលជាច្រើនតោនក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ វាក៏ជាកន្លែងកសិទេសចរណ៍ដ៏ស្រស់ត្រកាល ដែលមនុស្សគ្រប់គ្នាតែងតែមើលរំលង ជាពិសេសទេសភាពនាពេលព្រឹកព្រលឹម ពេលថ្ងៃរះ និងសុរិយារៀបអស្ដង្គត ដែលមានពន្លឺពណ៌មាសក្រហមឆ្អិនឆ្អៅចាំងឆ្លុះទៅលើផ្ទៃទឹក ដែលកំពុងតែលាយឡំជាមួយក្រាមអំបិលគ្រីស្តាល់ពណ៌-ស នៅក្នុងវាសស្រែហាលដ៏ល្វឹងល្វើយ ជាមួយផ្ទាំងទស្សនីយភាពដ៏រស់រវើក ប្លែកចំណីចក្ខុ និងបរិយកាសបរិសុទ្ធគួរជាទីប្រតិព័ទ្ធ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត