ចាំមើលអស់មែនឬអត់! មេខេត្តកែប ចេញបញ្ជាត្រូវបង្ក្រាបបទល្មើសនេសាទឱ្យអស់ បើធ្វើមិនបាន អ្នកពាក់ព័ន្ធសូមដើរចេញពីតំណែង
Mao Sopha
25 មេសា 2025 04:45 AM

ក្រុងកែប៖ ១ថ្ងៃ ២ថ្ងៃ ក្រោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញបញ្ជាទៅថ្នាក់ដឹកនាំខេត្តនានា រួមទាំងមន្រ្តីពាក់ព័ន្ធ ឱ្យបង្ក្រាបបទល្មើសនេសាទដោយគ្មានការបន្ធូរដៃ បណ្តាថ្នាក់ដឹកនាំខេត្ត ពិតជាសកម្ម និងរួសរាន់ ធ្វើទៅតាមបទបញ្ជានេះមែន ដោយបានបញ្ជាបន្តទៅមន្រ្តី និងសមត្ថកិច្ចក្រោមឱវាទខ្លួន ឱ្យនាំគ្នាបង្ក្រាបបទល្មើសនេសាទ...។

លោក​ សោម ពិសិដ្ឋ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងផ្នែកព្រំដែនទឹក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ 
លោក​ សោម ពិសិដ្ឋ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងផ្នែកព្រំដែនទឹក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ 

ត្រឡេកទៅមើលខេត្តកែប តើមានវិធានការយ៉ាងណាចំពោះរឿងនេះ? លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានដាក់បញ្ជាទៅប្រធានខណ្ឌរដ្ឋបាលជនផល ប្រធានមន្ទីរកសិកម្ម និងមេបញ្ជាការផ្នែកព្រំដែនទឹក ឱ្យសហការគ្នាបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកែបឱ្យទាល់តែបាន។ លោកចៅហ្វាយខេត្ត ប្រាប់ទៅថ្នាក់ដឹកនាំនៃអង្គភាពសំខាន់ទាំង៣ផ្នែកនេះថា បើបង្ក្រាបបទល្មើសនេសាទមិនបាន គឺត្រូវដោះឯកសណ្ឋានចេញ ហើយប្រគល់តំណែងទាំងនេះទៅឱ្យអ្នកផ្សេងទទួលជំនួសវិញ។ លើសពីនេះ លោកចៅហ្វាយខេត្តជាប់មាត់សមុទ្ទ ព្រមានទុកជាមុនដូច្នេះថា៖«បើសួរ[ជនល្មើស]ទៅ មានសមត្ថកិច្ចណាជួយធ្វើអន្តរាគមន៍ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។ លោកថែមទាំងប្រកាសយ៉ាងឱឡារិកថា៖«បង្ក្រាបបទល្មើសនេសាទឱ្យបាន..កម្លាំង ធនធាន មធ្យោបាយ ថវិកា យើងមានសព្វបែបសព្វយ៉ាងទាំងអស់...»។ 

ទូកទេសាទខុសច្បាប់ដែលអាជ្ញាធរខេត្តកែបចាប់បានកន្លងមក។ 
ទូកទេសាទខុសច្បាប់ដែលអាជ្ញាធរខេត្តកែបចាប់បានកន្លងមក។ 

បញ្ជារបស់លោកអភិបាលខេត្ត សោម ពិសិដ្ឋ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនៃទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនទឹកប្រចាំខេត្តកែប កាលពីរសៀលថ្ងៃទី២៣មេសា ឆ្នាំ២០២៥។ កាលពីថ្ងៃទី២២ ខែមេសា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា ទាល់តែបង្ក្រាបជនល្មើសដែលលួចនេសាទខុសច្បាប់ ទើបប្រជានេសាទ អាចមានលទ្ធភាពនេសាទបានត្រីចិញ្ចឹមជីវិត។ សម្តេច ធ្លាប់ទទួលបានព័ត៌មានពីប្រជានេសាទថា ពួកគាត់មិនអាចនេសាទ ឬរកត្រីបានឡើយ ពីព្រោះតែមានក្រុមជនល្មើសនេសាទខុសច្បាប់ច្រើនពេក។ 

កងកម្លាំងផ្នែកព្រំដែនទឹក
កងកម្លាំងផ្នែកព្រំដែនទឹក

ក្នុងការបង្ក្រាបនេះ ប្រមុខរាជរដ្ឋាភិបាល ប្រាប់កងកម្លាំងឱ្យចៀសវាងការប្រើអាវុធ ហើយក៏ផ្ញើសារទៅក្រុមជនល្មើសដែរថា មិនត្រូវប្រើហិង្សា ប្រើអាវុធ ឬបើកទូកបុកកងកម្លាំងជាដាច់ខាត។ ប្រមុខរាជរដ្ឋាភិបាល ប្រាប់កងកម្លាំងឱ្យប្រើអាវុធការពារខ្លួន បើក្រុមជនល្មើសហ៊ានតែប្រើអាវុធមុន។ បើមានបញ្ហាកើតឡើង សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា នឹងចេញមុខទទួលខុសត្រូវជំនួសកងកម្លាំង ដែលប្រើអាវុធការពារខ្លួន៕ 

សម្តេច ហ៊ុន ម៉ាណែត ជិះទូកទៅមើលស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីចុងឆ្នាំ២០២៤។
សម្តេច ហ៊ុន ម៉ាណែត ជិះទូកទៅមើលស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីចុងឆ្នាំ២០២៤។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងផ្គុំរថយន្ត នៃក្រុមហ៊ុន RMA កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងផ្គុំរថយន្ត នៃក្រុមហ៊ុន RMA កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត