
ទីក្រុងម៉ារ៉ាកេស៖ កម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកលស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤» នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក បានប្តេជ្ញាចិត្តចំពោះមុខអង្គសន្និសីទ ៣ចំណុចធំៗលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំទៅមុខ..។

បើតាមការផ្សាយរបស់ក្រសួងសាធារណការ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បញ្ជាក់ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានប្តេជ្ញាថា ត្រឹមឆ្នាំ២០២៧ កម្ពុជានឹងបង្កើតឱ្យបាននូវតំបន់សុវត្ថិភាពនៅតាមសាលារៀន ដើម្បីការពារកុមារ និងយុវជនពីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកតាមគោលការណ៍ណែនាំ ស្តីអំពីតំបន់សុវត្ថិភាពនៅតាមសាលារៀន។ បន្ថែមលើនោះ ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយចំនួនអ្នករងរបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ឱ្យបានយ៉ាងហោចណាស់៥០ភាគរយ។ ទន្ទឹមគ្នានោះ កម្ពុជាប្តេជ្ញាទទួលយកមកអនុវត្តនូវឧបករណ៍គតិយុត្តស្នូលរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្ថែមទៀត។

បើតាមក្រសួងដដែល ការប្តេជ្ញាចិត្តនេះ គឺជារបៀបវារៈថ្មីមួយសម្រាប់សន្និសីទ ដែលរដ្ឋាភិបាលនៃប្រទេសនានា ក៏ដូចជាអង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល មូលនិធិ និងក្រុមហ៊ុនឯកជន មានឱកាសធ្វើការប្តេជ្ញាចិត្តជាផ្លូវការ ដើម្បីសម្រេចបាននូវគោលដៅនៃទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០ភាគរយ នៅឆ្នាំ២០៣០។ សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូចគោកនៅកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍ថា សម្លាប់មនុស្សចំនួន១៥០៩នាក់ របួសធ្ងន់ធ្ងរចំនួន២២៧៣នាក់ និងរបួសស្រាល១៤៤៧នាក់។ បើគិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះ៤នាក់បានស្លាប់ ហើយមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺការបើកលើសល្បឿនកំណត់ និងការមិនគោរពសិទ្ធិគ្នា៕





