
អន្តរខេត្ត៖ រថយន្ដធំដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៧គ្រឿង ត្រូវមន្ត្រីជំនាញចាប់ផាកពិន័យជាប្រាក់ និងឃាត់ទុករយៈ១ឆ្នាំនៅខេត្តស្វាយរៀង, ព្រៃវែង, និងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧តុលា ឆ្នាំ២០២៤…។

យុទ្ធនាការត្រួតពិនិត្យយានយន្តកាលពីថ្ងៃទី១៥ និង១៦តុលា ក្រុមការងារជំនាញបានចុះឃាត់រថយន្តដឹកលើសទម្ងន់ នៅទីតាំងចំនួន៣ផ្សេងគ្នា។ ទីតាំងទាំងនោះរួមមាន៖ ទី១.លើកំណាត់ផ្លូវជាតិលេខ៣១៤D ស្រុកស្វាយទាប ខេត្តស្វាយរៀង ចាប់បានយានយន្ត១គ្រឿង ពាក់ឡូហ្គោ NC ដឹកថ្មផ្ទុកទម្ងន់៥៤តោន លើសទម្ងន់កម្រិតកំណត់ ៨០ភាគរយនៃច្បាប់អនុញ្ញាត។ ទី២.លើផ្លូវជាតិលេខ៣១៣ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រួតពិនិត្យយានយន្ត២គ្រឿង ដឹកខ្សាច់ និងថ្ម លើសទម្ងន់ទាំង២គ្រឿង លើសទម្ងន់កម្រិតកំណត់ចន្លោះពី១៩ដល់២៣តោន នៃច្បាប់អនុញ្ញាត។ ទី៣.លើកំណាត់ផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រួតពិនិត្យយានយន្ត៤គ្រឿងមានពាក់ឡូហ្គោ CTK ដឹកខ្សាច់ និងដី លើសទម្ងន់ទាំង៤គ្រឿង លើសទម្ងន់កម្រិតកំណត់ចន្លោះពី២២ដល់២៣,៣តោននៃច្បាប់អនុញ្ញាត។

ក្រសួងជំនាញអះអាងថា៖«នៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង៣ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន០៧គ្រឿង លើសទម្ងន់កម្រិតកំណត់ទាំងអស់ ផ្ទុកទម្ងន់សរុបចន្លោះពី៤៨តោន ដល់៥៤តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៩តោនដល់២៤តោន ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល០១ឆ្នាំ ចំនួន០៥គ្រឿង[លើសពី២០ភាគរយនៃច្បាប់អនុញ្ញាត]»។ គួរជម្រាបថា ពាក់ព័ន្ធបញ្ហានេះ ក្រសួងសាធារណការ អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។

ដ្បិតក្រសួងថា រាល់ការចាប់ឃាត់ទាំងអស់ នឹងមិនមានការអន្តរាគមន៍ដោះលែង ពីភាគីពាក់ព័ន្ធណាឡើយ។ ក្រសួងបញ្ជាក់៖«សូមបញ្ជាក់ថា រាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់»។ ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់កុំឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ដ្បិតក្រសួងប្តេជ្ញា បន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងដោយគ្មានការលើកលែង៕





