
រាជធានីភ្នំពេញ៖ ស្របពេលពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនឹងត្រូវឈានចូលមកដល់នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងសម្រាប់ប្រារព្ធពិធីបើកនោះចុងក្រោយ ដើម្បីត្រៀមពិធី។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤..។

ក្រសួងអះអាងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃសុក្រនេះ បានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យចុងក្រោយការរៀបចំ នៅទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែកនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្ទខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។

គម្រោងព្រែកជីកនេះ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥សីហា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ គម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ គ្រោងចំណាយថវិកាសរុបប្រមាណ១៧០០លានដុល្លារអាម៉េរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ(ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ សន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ២០៨គីឡូម៉ែត្រ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន៤ឆ្នាំ។ ព្រែកជីកនេះ មានទទឹងខាងលើ១០០ម៉ែត្រ ទទឹងខាងក្រោម៨០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា៤,៧ម៉ែត្រ)។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ៕







