
មិនថាអ្នកបើកបរជានរណាឡើយ សមត្ថកិច្ចត្រូវរក្សាក្រមសីលធម៌ឱ្យបាន និងអនុវត្តទៅតាមច្បាប់ឱ្យស្មើៗគ្នា ពេលហៅគេឱ្យចុះទៅពិនិត្យរកជាតិស្រវឹង ឬដោះស្រាយបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការបើកបរ។ រីឯអ្នកបើកបរវិញ មិនថាខ្លួនជាអ្នកតូច ឬអ្នកធំ រៀនបានតិច ឬរៀនបានច្រើន ជិះម៉ូតូ ឬជិះឡាន ត្រូវតែគោរព និងធ្វើតាមការណែនាំរបស់សមត្ថកិច្ច។

ការគំហក ការស្រែក ការប្រើពាក្យអា-អ្ហែង ការចង្អុលមុខ និងការរុញច្រានគ្នា ជាដើម ទង្វើទាំងនេះ មិនគួរកើតចេញពីភាគីណាមួយនោះទេ។ ចំណុចសំខាន់មួយទៀត មិនអាចអត់បានដែរនោះ គឺព្យាយាមទប់អារម្មណ៍ ហើយត្រូវបន្ទន់ឥរិយាបថទាំងសងខាង បើការដោះស្រាយបញ្ហា មិនចុះសម្រុងគ្នា។ គួរយល់ថា ការដោះស្រាយបញ្ហា មិនមែនចេះតែដំណើរការដោយរលូនគ្រប់ពេលនោះទេ ជួនកាលក៏មានការបះទង្គិចគ្នាចៀសមិនរួច។ ដូច្នេះ បើមិនរក្សាឥរិយាបថ និងសម្តីឱ្យបានសមរម្យនោះទេ ការប៉ះទង្គិចគ្នា ច្បាស់ជានឹងកើតឡើង។ ឧទាហរណ៍ជាក់ស្តែង អំពីករណីប៉ះទង្គិចគ្នារវាងលោក បណ្ឌិត សុខ ទូច និងប៉ូលិសចរាចរណ៍។ ចូរពិនិត្យមើលទង្វើទាំងសងខាង ហើយពិចារណាថា តើភាគីខាងណា ឬទាំងសងខាង ដែលបណ្តាលឱ្យកើតមានការប៉ះទង្គិចនេះ? ហើយគួរពិចារណាដែរថា អ្វីជាអំពើខុសសីលធម៌ក្នុងរឿងនេះ ដែលត្រូវចៀសវាង?

នៅម៉ោង១២កណ្តាលអធ្រាត្រ (ថ្ងៃ១៧ឈានចូលថ្ងៃ១៨កុម្ភៈ ឆ្នាំ២០២៥) លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឋានៈស្មើរដ្ឋមន្រ្តី ត្រូវកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់រថយន្ត ដើម្បីចុះទៅផ្លុំខ្យល់រកជាតិស្រវឹង។ មិនមែនចុះទៅដល់ផ្លុំខ្យល់ហើយចប់ស្រួលបួលនោះទេ! លោក សុខ ទូច និងប៉ូលិសចរាចរណ៍ បានប៉ះសម្តីផូងផាំងដាក់គ្នា ហើយក៏បញ្ចេញកាយវិការប្រទាំងប្រទើសដាក់គ្នាផងដែរ តែមិនដល់កម្រិតហិង្សានោះទេ។ ភាពរញ៉េរញ៉ៃ ក៏កើតឡើងនៅកន្លែងសមត្ថកិច្ចឈរជើងដើម្បីត្រួតពិនិត្យជាតិស្រវឹង។ លោក សុខ ទូច សារភាពថា លោកបានពិសាស្រាបៀរអស់១កំប៉ុង។ ទៅដល់ផ្ទះវិញ លោក សុខ ទូច សម្រាន្តមិនលក់ព្រោះតែមានរឿងជាមួយប៉ូលិសចរាចរណ៍តាមដងផ្លូវ ហើយក៏បង្ហោះសាររៀបរាប់ នៅម៉ោង២កន្លះយប់។ លុះព្រឹកឡើង ស្ថាប័នប៉ូលិសឯណោះវិញ ក៏ប្រើបណ្តាញសង្គមបំភ្លឺត្រឡប់ទៅវិញ។

លោក សុខ ទូច និងប៉ូលិស បកស្រាយការពាររៀងៗខ្លួន និងបន្ទោសគ្នាទៅវិញទៅមក។ មានវីដេអូ២ឃ្លីប ជាភស្តុតាងអំពីសកម្មភាពប៉ូលិស ហៅលោក សុខ ទូច ទៅផ្លុំខ្យល់រកជាតិស្រវឹង។ និយាយពីវីដេអូឃ្លីបទី១សិន! មុនផ្លុំខ្យល់ លោក សុខ ទូច ដើរចុះដើរឡើង ហើយរៀបរាប់ពីការលះបង់របស់លោកចំពោះជាតិ ដូចជា ការខិតខំសរសេរសៀវភៅរឿងព្រំដែនជាដើម។ រួចហើយ លោកក៏ដើរទៅរកប៉ូលិសដែលកំពុងកាន់ទូរសព្ទថត ហើយលោកនិយាយថា បើថតត្រូវថតទាំងអស់គ្នា។ បន្ទាប់មកទៀត លោកនិយាយទៅកាន់ប៉ូលិស២នាក់ ថាបានប្រើពាក្យ «អា-អ្ហែង» ទៅកាន់លោក។ ប៉ូលិស បដិសេធ និងតបថា លោក សុខ ទូច [ស្តាប់] ច្រឡំ។ ប៉ូលិសនៅតែប្រាប់លោក សុខ ទូច ដដែលៗឱ្យផ្លុំខ្យល់រកជាតិស្រវឹង និងប្រើពាក្យទៅកាន់លោកថា ឱ្យផ្លុំខ្យល់មិនព្រមផ្លុំទេ។ ពេលនោះ លោក សុខ ទូច ហុចដៃទាំង២ទៅឱ្យប៉ូលិស និងនិយាយឮៗថា «ដាក់ខ្នោះមក»។

ប៉ូលិស តបថា អត់ដាក់ទេ។ ប៉ូលិស បោះពាក្យសម្តីទៅកាន់លោក សុខ ទូច ថា «យកជាតិស្រវឹងមកដឹកមុខ» «អ្នកចេះដឹងដែរធ្វើចរិតអ៊ីចឹង»។ សកម្មភាពក្រោយមកទៀត លោក សុខ ទូច បានចាប់ទាញម៉ាស៊ីនវាស់ជាតិអាកុលដែលប៉ូលិសម្នាក់កំពុងកាន់ ព្រោះលោកចង់ឱ្យដូរទុយោថ្មី ក្នុងម៉ាស៊ីនវាស់ជាតិអាកុលនោះសិន មុននឹងលោកព្រមដាក់ទុយោចូលមាត់ដើម្បីផ្លុំខ្យល់រកជាតិស្រវឹង។ លោកចង់ឱ្យដូរទុយោថ្មី ព្រោះខ្លាចឆ្លងមេរោគ។ ប៉ូលិសរូបនោះ មិនលែងម៉ាស៊ីនវាស់ជាតិអាកុលនោះទេ ហើយប្រឹងទាញម៉ាស៊ីននោះទៅវិញទៅមកជាមួយលោក សុខ ទូច។ ពេលនោះ មានសំឡេងស្រែកទៅកាន់លោក សុខ ទូច ថា «វ៉ៃខ្នោះឱ្យមើល»។ ក្នុងវីដេអូទី១នេះ គេមិនបានថតជាប់អ្នកស្រែកនោះជាប៉ូលិសរូបណា ឬជានរណាឡើយ។

ទីបំផុត លោក សុខ ទូច ក៏ព្រមផ្លុំខ្យល់រកជាតិអាកុលដល់ទៅ៤-៥ដងតាមការបង្គាប់របស់សមត្ថកិច្ច។ សមត្ថកិច្ចបង្គាប់ឱ្យលោកផ្លុំខ្យល់ច្រើនដងយ៉ាងដូច្នេះ ព្រោះលោកផ្តុំមិនទាន់ដល់កម្រិត។ រហូតដល់ចុងក្រោយ លោកក៏ទ្រាំនឹងសមត្ថកិច្ចលែងបាន ហើយក៏ឈប់ផ្លុំ និងបានដើរចេញពីចំណោមសមត្ថកិច្ច។ វីដេអូទី១ ប្រវែងជិត៤នាទី ក៏ចប់ត្រឹមពេលលោកដើរចេញពីសមត្ថកិច្ច។ ចូលដល់វីដេអូទី២ ប្រវែង១នាទី៣៧វិនាទី! ក្នុងវីដេអូទី២នេះ ពេលលោក សុខ ទូច ដើរចេញ ក្រុមសមត្ថកិច្ច បានដើរទៅតាមលោករហូតដល់កន្លែងរថយន្ត១ដែលចតតាមដងផ្លូវ និងនាំគ្នាឈរនៅជុំវិញលោក។ លោក សុខ ទូច ប្រឹងដើរចេញពីសមត្ថកិច្ច ហើយសមត្ថកិច្ចប្រឹងរារាំងមិនឱ្យលោកដើរចេញ និងព្យាយាមបង្គាប់ឱ្យលោកវិលទៅកាន់កន្លែងវាស់ជាតិអាកុលវិញ។ លោក សុខ ទូច មិនព្រម និងបន្តប្រឹងដើរចេញ ហើយក៏មានសមត្ថកិច្ចម្នាក់បានច្រានលោកពីក្រោយ ធ្វើឱ្យជ្រុលទៅមុខបីបួនជំហាន តែមិនដួលនោះទេ។ លោកបន្តដើរគេច រហូតផុតពីក្រុមសមត្ថកិច្ច ហើយសមត្ថកិច្ចក៏លែងដើរតាម។

ក្នុងសំណេររបស់ខ្លួនដែលបង្ហោះលើបណ្តាញសង្គម លោក សុខ ទូច សរសេរថា លោកដើរចេញដោយទុករថយន្តចោលនៅកន្លែងប៉ូលិស ហើយមានអ្នករត់តុកៗម្នាក់ស្គាល់លោក ក៏ព្រមដឹកលោកទៅផ្ទះ។ ក្នុងវីដេអូ លោកអះអាថា ប៉ូលិសហៅលោក «អា-អ្ហែង» ហើយក្នុងសំណេរលើបណ្តាញសង្គម ក៏លោកអះអាងដូច្នេះដែរ។ លោក សុខ ទូច រៀបរាប់ថា ដោយសារកំពុងហត់នឿយនឹងការងារស្រាប់ ហើយបែរជាមកឮពាក្យបែបនេះ លោកក៏មិនអាចទប់អារម្មណ៍ឆេវឆាវបាន រហូតកើតរឿងជាមួយសមត្ថកិច្ច។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយតាមរយៈសំណេរលើបណ្តាញសង្គមថា ក្រុមសមត្ថកិច្ច ដែលហៅលោក សុខ ទូច ចុះទៅវាស់ជាតិអាកុល ពុំស្គាល់ថា ជាលោក សុខ ទូច នោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថែមទាំងបដិសេធថា សមត្ថកិច្ច ពុំបានប្រើពាក្យ «អា-អ្ហែង» ទៅកាន់លោក សុខ ទូច ឡើយ។ លើសពីនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្រ្តីនគរបាលអញ្ជើញលោក សុខ ទូច ចូលខ្លួនទៅដោះស្រាយចំពោះការបង្ហោះសារថា សមត្ថកិច្ចប្រើពាក្យមិនសមរម្យលើគាត់។

រឿងរ៉ាងនេះ កើតឡើងពេលលោក សុខ ទូច ចូលដល់រាជធានីភ្នំពេញវិញនៅពេលយប់ បន្ទាប់ពីបញ្ចប់បេសកកម្មនៅតាមព្រំដែន។ ពេលចូលដល់រាជធានីភ្នំពេញ លោកបានចូលហូបបាយ និងស្រាបៀរ១កំប៉ុង រួចទើបបើករថយន្តជូនមន្រ្តីរបស់លោកទៅយកម៉ូតូនៅកន្លែងធ្វើការ ហើយលោកខ្លួនឯងក៏បើករថយន្តទៅផ្ទះនៅម្តុំភ្នំបាសិត ខេត្តកណ្តាល តែក៏ត្រូវជួបប៉ូលិសចរាចរណ៍តាមផ្លូវ។ ក្នុងរឿងនេះ ស្ថាប័នមានសមត្ថកិច្ច គួរពិនិត្យមើលការអនុវត្តច្បាប់របស់មន្រ្តីនគរបាលចរាចរណ៍ ហើយបើរកឃើញចំណុចខុសឆ្គង ត្រូវប្រញាប់កែតម្រូវឡើងវិញ រីឯពលរដ្ឋទូទៅ ដែលកំពុងតាមដានរឿងនេះ គួរពិចារណាថា អ្វីដែលមិនគួរធ្វើដាក់សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់។ ពលរដ្ឋក៏គួរពិចារណាដែរថា ពេលទទួលទានគ្រឿងស្រវឹង គួរតែបើកបរដែរឬទេ? ទាំងមន្រ្តីអនុវត្តច្បាប់ ទាំងពលរដ្ឋជាអ្នកបើកបរ គួរយករឿងនេះមកធ្វើជាមេរៀនទាំងអស់គ្នា (កន្លែងណាដែលសមត្ថកិច្ចធ្វើខុសចំពោះពលរដ្ឋ សមត្ថកិច្ចផ្សេងទៀតត្រូវចៀសវាង កន្លែងណាដែលពលរដ្ឋ ធ្វើខុសដាក់សមត្ថកិច្ច ពលរដ្ឋផ្សេងទៀត ត្រូវចៀសវាង)។ គ្រាន់តែការត្រួតពិនិត្យរកជាតិស្រវឹង មិនអាចមានបញ្ហាកើតឡើងនោះទេ បើសមត្ថកិច្ច ប្រាប់តាមសម្រួល ហើយពលរដ្ឋជាអ្នកបើកបរ ក៏ព្រមធ្វើតាមសម្រួលដែរនោះ៕


